ភ្នាក់ងារវីង(Wing) បន្តវប្បធម៌ចែករំលែក ខណៈពេលដែលវីរុសCOVID-19 កំពុងរាតត្បាតនៅ​កម្ពុជា

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងចួប​ទុក្ខលំបាក ភ្នាក់ងារ វីង(Wing) នៅតាម​បណ្តាខេត្ត និងនៅទីក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិកាផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត ដើម្បីទប់ស្កាត់ការរាត​ត្បាត​​នៃវីរុសកូវីដ១៩ ។

អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ430 នៅជិតសណ្ឋាគាររ៉េស៊ីដង់នា​ទី​ក្រុងភ្នំពេញបានឱ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុសកូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ អ្នកស្រីបានបរិច្ចាគអង្ករចំនួន300គីឡូក្រាម អាលកុលលាងដៃ និងប្រេងកូឡាចែកជូនដល់បងប្អូនដែលកំពុងតែខ្វះខាត។

អ្នកស្រីបានឱ្យ​ដឹងថា៖ «បងប្អូនអ្នកប្រកបរបររើសអេតចាយ និងអ្នករត់ម៉ូតូឌុបមួយចំនួន មិនអាចទិញម៉ាស់ អាល់កុលដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បានឡើយ ព្រោះ​ថា​ ក្នុងអំឡុងពេលដ៏លំបាកនេះ ពួកគាត់ក៏​មិនអាចរកប្រាក់កម្រៃបានសមរម្យដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់​នោះ​ដែរ​។ ហេតុដូច្នេះហើយគ្រួសាររបស់ខ្ញុំបានឧបត្ថម្ភអង្ករ300គីឡូក្រាមដើម្បីចែកជូនដល់ពួគាត់»។

ដោយមើលឃើញសន្តានចិត្តដ៏ប្រពៃរបស់អ្នកស្រី អ្នកជិតខាងរបស់អ្នកស្រីក៏បានចូលរួមឧបត្ថម្ភ ប្រេងកូឡា ទឹកអាល់កុលលាងដៃដើម្បីចែកជូនដល់បងប្អូនដែលកំពុងខ្វះខាតផងដែរ។ គិតត្រឹមថ្ងៃទី28 ខែមីនានេះ មានបងប្អូនជាង100​នាក់ហើយដែលបានទទួលអំណោយសប្បុរសធម៌ពីក្រុមគ្រួសារ និងអ្នកជិតខាងរបស់អ្នកស្រី។

លោកស្រី គង់ មុនីភក្តី ដែលជាម្ចាស់វីង ឈ្មោះ រតនៈ រង្សី នៅផ្សារឈូកមាស រាជធានីភ្នំពេញ បានរៀប​ចំ​ចែក​ជូន​ជែលលាងដៃដល់អ្នកធ្វើដំណើរ និងអតិថិជនគាត់ជាប្រចាំ។ លោកស្រីបានឱ្យដឹងថា៖ « ខ្ញុំចែកជែលពួកគាត់នៅតាមហាងវីងរបស់ខ្ញុំទាំង4សាខាតែម្តង មួយថ្ងៃនៅតាមហាងនីមួយខ្ញុំចែកជូនអស់ប្រហែល100ដប។ ក្រៅពីនេះខ្ញុំបរិច្ចាគថវិកាទៅសមាគមផ្សេងៗដើម្បីជួយអ្នកទីទាល់ក្រផងដែរ»។

ដោយឡែកនៅសង្កាត់ទួលស្វាយព្រៃ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ វិញ ភ្នាក់ងារវីង ដែលមានស្លាកយីហោ ងួន សីថា បានចែករំលែកទឹកអាល់កុលលាងដៃ និង ម៉ាស់ជាច្រើនដោយឥតគិតថ្លៃដល់អតិថិជន និងអ្នកធ្វើដំណើរផងដែរ។

មិនត្រឹម​តែ​ភ្នាក់ងារវីងនៅរាជធានីភ្នំពេញនោះ​ទេ​ សូម្បីតែបងប្អូនភ្នាក់ងារវីងនៅតាម​បណ្តាខេត្ត ក៏ចូលរួមទប់ស្កាត់មេរោគវីដ១៩​នេះ​ដែរ។ តួយ៉ាង លោក ឃិន លីហាក់ ម្ចាស់ភ្នាក់ងារវីងមួយ​កន្លែង និងក្រុមគ្រួសាររបស់លោកក៏បានរួមចំណែកជា​ទឹកប្រាក់ចំនួន បួនលានរៀល សម្រាប់ជួយបងប្អូនកំពុងតែខ្វះខាត ដែល​ស្ថិតក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ តាមរយៈលោកមេភូមិ ដោយមួយគ្រួសារៗអាចស្នើថវិកានេះបាន10​ម៉ឺន​រៀល។

លោក ឃិន លីហាក់ បានមានប្រសាសន៏ថា៖ «នៅពេលដែលសង្គមរបស់យើងកំពុងទទួលរងការវាយប្រហារពីមេរោគកូវីដ១៩នេះ យើងមិនអាចឈរឱប​ដៃមើលបានឡើយ។ នៅពេលដែលយើងមានស៊ីគ្រប់គ្រាន់ហើយ យើងត្រូវតែចេះចែករំលែក ជាពិសេសក្នុងគ្រាដ៏លំបាកនេះ»។

ក្រៅពីនេះ ក៏នៅមានភ្នាក់ងារវីងនៅតាមកន្លែងផ្សេងដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីរួមចំណែកឧបត្ថម្ភដល់ប្រជាជនកម្ពុជាដែលមាន​ជីវ​ភាព​ខ្វះខាតផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2020នេះ បានឱ្យ​ដឹងថា កម្ពុជាបានរកឃើញអ្នក​ផ្ទុក​មេរោគ​​កូវីដ១៩ ចំនួន01​នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ទៅ 103ករណី៕

Advertisement