ក្រុមហ៊ុន RMA Cambodia ប្រកាសចុះបញ្ជីលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ 80ពាន់លានរៀលក្នុងផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ឬហៅកាត់ថា (RMA Cambodia) បានចុះបញ្ជីលក់មូលបត្របំណុល​ក្នុងទំហំទឹកប្រាក់ 80ពាន់លានសៀល ឬស្មើនឹង 20លានដុល្លារអាមេរិក កាលពីថ្ងៃទី 30 ខែមេសា ឆ្នាំ2020នេះ។ មូលបត្របំណុលនេះ មានរយៈពេល 5ឆ្នាំ ជាមួយអត្រាគូប៉ុង 5.50% ក្នុងមួយឆ្នាំ នៅ​ផ្សារមូលបត្រកម្ពុជា ដែលជាការបោះផ្សាយលក់មូលបត្របំណុលដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ RMA Cambodia។

សញ្ញាបណ្ណសាជីរកម្ម RMA Cambodia គឺជាសញ្ញាបណ្ណដែលត្រូវបានធានា 100% ដោយស្ថាប័ន Credit Guarantee and Investment Facility ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី​ និងចុះបញ្ជីលក់សញ្ញាបណ្ណ ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+3 ASEAN+3 Multi-Currency Bond Issuance Framework (AMBIF)។

Advertisement

លោក Kevin Whitcraft នាយកប្រតិបត្តិរបស់ RMA Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RMA Cambodia បានថ្លែងការកោតសរសើរក្នុងឱកាសនេះថា “ការបោះផ្សាយមូលបត្របំណុលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងសម្រាប់  RMA Group និងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការត្រួសត្រាយផ្លូវ ក្នុងនាមជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងបង្អស់នៅប្រទេសកម្ពុជា។ ពួកយើងមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយបានបោះជំហានទៅមុខជាមួយនឹងការបោះផ្សាយលក់សញ្ញាបណ្ណ ទោះបីជាមានបញ្ហាប្រឈមជុំវិញការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ យើងមានសេចក្តីសោមនស្សរីករាយដែលស្ថាប័ន CGIF នៅតែមានការប្តេជ្ញាចិត្តខ្ជាប់ខ្ជួន និងចំណាប់អារម្មណ៍របស់វិនិយោគគិននៅតែមានភាពរឹងមាំ សូម្បីតែក្នុងស្ថានភាពមិនប្រក្រតីក៏ដោយ ក៏មូលបត្របំណុល ត្រូវបានធ្វើបរិវិសកម្មទាំងអស់ប្រកបដោយជោគជ័យ។ នេះគឺជាសក្ខីភាពនៃកេរ្តិ៍ឈ្មោះ និងភាពដែលអាចជឿទុកចិត្តបានរបស់ក្រុមហ៊ុន RMA Cambodia។

លោកស្រី Sun Guiying នាយកប្រតិបត្តិនៃស្ថាប័ន CGIF បានថ្លែងថា “ទោះបីមានបញ្ហាប្រឈមដែលកើតមានដោយជំងឺរាតត្បាតរីករាលដាលថ្មី Covid 19 ក៏ដោយ ក៏ CGIF មានមោទនភាពដែលបានធ្វើការដោយជោគជ័យជាមួយក្រុមហ៊ុន RMA Cambodia និងនិយតករមូលបត្រនៅប្រទេសកម្ពុជាក្នុងការបោះផ្សាយមូលបត្របំណុលដំបូងរបស់ក្រុមហ៊ុន RMA Cambodia។ គម្រោងនេះ បង្ហាញពីសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលជាច្រើនរបស់​ CGIF ដែលជាសញ្ញាបណ្ណនេះជាសញ្ញាបណ្ណមានការធានាដំបូងបង្អស់ដោយ CGIF សម្រាប់ស្ថាប័នមិនមែនហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ មានគោលបំណងមិនត្រឹមតែពង្រឹងទំនុកចិត្តរបស់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញក្រុមហ៊ុនផ្សេងទៀតដែលមានបំណងបោះផ្សាយសញ្ញាបណ្ណនាពេលអនាគតក្នុងការទាញយកទីផ្សារមូលបត្របំណុលក្នុងស្រុកផងដែរ។

ឯកឧត្តម ស៊ូ ​សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ដែលជានិយតករមូលបត្ររបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាអធិបតីក្នុងពិធីចុះបញ្ជីនេះ។ លោក បានមានប្រសាសន៍ថា “ការបោះផ្សាយមូលបត្របំណុលដោយជោគជ័យរបស់ RMA Cambodia នឹងក្លាយជាគំរូមួយ សម្រាប់ប្រតិបត្តិការនាពេលអនាគត។ មូលបត្របំណុលដែលមានបុគ្គលធានានេះ ផ្តល់នូវជម្រើសឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់ក្រុមហ៊ុនឯកជនក្នុងវិស័យផ្សេងៗ ដើម្បីប្រមូលមូលនិធិកាន់តែច្រើនជាមួយនឹងរយៈពេលវែងជាងមុន។

លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដែលមានវត្តមាននៅក្នុងពិធីចុះបញ្ជីមូលបត្របំណុល បានមានប្រសាសន៍ផងដែរថា “ទោះបីមានស្ថានភាពទីផ្សារមានភាពមិននឹងនរក៏ដោយ យើងនៅតែបន្តសម្រេចក្នុងការចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន RMA Cambodia នៅផ្សារមូលបត្រកម្ពុជាបានដោយរលូន។ ក្នុងស្ថានភាពបែបនេះ វាជាសញ្ញានៃការតស៊ូ និងបង្ហាញពីសញ្ញាវិជ្ជមានដល់វិនិយោគិននានា។ ក្រុមហ៊ុន SBI ដែលជាទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់គម្រោងនេះ បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រវិស័យមូលបត្រ ​ចាប់តាំងពីការកកើតរបស់ក្រុមហ៊ុន ក្នុងការចាប់ផ្តើមប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក ដើម្បីបើកទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមកទីផ្សារនៅតែបន្តរីកចម្រើន ហើយប្រតិបត្តិការជាច្រើន ត្រូវបានបញ្ចប់ដោយជោគជ័យជារៀងរាល់ឆ្នាំ ​ដោយសារមានការគាំទ្រជាបន្តបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត។

លោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SBI Royal Secutiry បានលើកឡើងថា ក្នុងនាមជាអ្នកចូលរួមទីផ្សារមូលបត្រមួយដែលដើរតួនាទីយ៉ាងសកម្ម ក្រុមហ៊ុន SBI នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីចាប់យកទីផ្សារនេះជាបន្តទៀត។ ការធ្វើបែបនេះ នឹងបង្កឱ្យក្រុមហ៊ុនឯកជននានា នៅក្នុងប្រទេសកម្ពុជា អាចទទួលបានមូលនិធិកាន់តែច្រើនជាមួយរយៈពេលវែងជាងមុន ក្នុងដំណើរការមួយដែលនឹងកាន់តែមានភាពងាយស្រួលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច។ ដោយសារក្រុមហ៊ុន RMA Cambodia នៅតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា ការគាំទ្រពីសំណាក់ស្ថាប័ន CGIF និងក្រុមហ៊ុន អេសប៊ីអាយ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនដើម្បីបន្តសកម្មភាពបង្កើនដើមទុនបន្ថែមទៀតនាពេលអនាគត។

លោក ងន សាំង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន RMA Cambodia បានថ្លែងថា “ក្រុមហ៊ុន RMA Cambodia តែងតែយកចិត្តទុកដាក់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ ក្នុងករណីនេះ យើងរីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ របស់ប្រទេសកម្ពុជា”។

លោកបានបញ្ជាក់បន្ថែមថា អាជីវកម្មរបស់យើងបានដំណើរការយ៉ាងល្អជាមួយនឹងការចែកចាយផលិតផលល្បីៗមួយចំនួនដូចជា រថយន្ត Ford រថយន្តប្រណិតម៉ាក Jaguar Land Rover បរិក្ខារកសិកម្មទំនើបម៉ាក John Deere បរិក្ខារសំណង់ម៉ាក JCB, TCM, JLG ឡានដឹកទំនិញម៉ាកFuso និង​ សម្ភារៈមួយចំនួនទៀតសម្រាប់ថែរក្សាទំនិញ លើកដាក់ទំនិញ និងសម្អាត។ មូលបត្របំណុល ជាប្រភពទុនដើម្បីបង្កើនចំណែកទីផ្សារថែមទៀតដល់ក្រុមហ៊ុន៕

Advertisement