កម្មវិធីសេវាដឹកជញ្ជូនទំនិញឆាប់រហ័សប្រចាំថ្ងៃ ហ្គ្រែបម៉ាត (GrabMart) ត្រូវបានដាក់ឲ្យដំណើរការក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ – កម្មវិធី GrabMart ដែលជាសេវាកម្មដឹកជញ្ជូនទំនិញ​ប្រចាំថ្ងៃឆាប់រហ័ស ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។

ឥឡូវនេះប្រជាពលរដ្ឋនៅរាជធានីអាចទិញគ្រឿងទេស អាហារកញ្ចប់ ផលិតផលថែរក្សាសុខភាព ផលិតផលថែរក្សាសម្រស់ កាដូ និងទំនិញជាច្រើនទៀតតាមរយៈកម្មវិធី Grab ដោយដឹកជញ្ជូន សម្រាប់លោកអ្នកក្នុងរយៈពេលតិចជាង ១ ម៉ោង។

ដោយគ្រាន់តែបញ្ចូលអាស័យដ្ឋានរបស់ពួកគេនៅក្នុងមុខងារកម្មវិធី GrabMart នៅក្នុងកម្មវិធី Grab អតិថិជននឹងឃើញបញ្ជីរាយនាមមុខទំនិញដែលអាចទិញបាននៅតាមហាងជិតអាស័យដ្ឋានបំផុត។ ឈ្មោះហាងទំនិញ​ដែលត្រូវបានបង្ហាញក្នុងបញ្ជីទិញទំនិញ អាស្រ័យលើទីតាំងរបស់អតិថិជន រួមមាន ហាងថៃហួត (Thai Hout) គីវីម៉ាត (Kiwi Mart) ឱសថស្ថានយូឃែរ (Ucare Pharmacy) និង វីននេសកម្ពុជា (Winest Cambodia)។

នៅក្នុងដំណាក់កាលទើបតែចាប់ផ្ដើមដំបូង សេវាកម្មនេះនឹងមានវត្តមាននៅចំកណ្ដាល រាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលគ្របដណ្ដប់លើសង្កាត់​បឹងកេងកង សង្កាត់ទួលទំពូង ខណ្ឌដូនពេញ ខណ្ឌទួលគោក និងតំបន់មួយចំនួនទៀតដែលនៅក្បែរសង្កាត់ខណ្ឌទាំងនេះ) ហើយអតិថិជនអាចបង់ថ្លៃសេវាដឹកជញ្ជូន របស់ពួកគេជាសាច់ប្រាក់ជាមួយដៃគូបើកបរ​បាន ហើយទំនិញដែលដឹកជញ្ជូន ត្រូវមានតម្លៃមិនលើសពី ៤០ ដុល្លារនោះទេ។ ក្រុមហ៊ុន Grab គ្រោងនឹងពង្រីកសេវាកម្មនេះនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញនាពេលអនាគត ដ៏ខ្លីខាងមុខនេះផងដែរ ដោយនឹងមានដៃគូពាណិជ្ជកម្មកាន់តែច្រើន ដែលនឹងត្រូវបានដាក់បញ្ចូល នាពេលឆាប់ៗខាងមុខនេះ។

លោក Hashim Alkaff ប្រធានក្រុមហ៊ុន Grab ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖​ «យើងសូមណែនាំសេវាកម្មថ្មីៗមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល ហើយយើងនឹងប្រើប្រាស់បច្ចេកវិទ្យារបស់យើង តាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ជូននិងពង្រីកសេវាកម្មថ្មីៗ ដើម្បីជួយបំពេញតម្រូវការប្រជាពលរដ្ឋ។ នេះក៏ជាឱកាសសម្រាប់ដៃគូបើកបររបស់យើង ឲ្យទទួលបានប្រភពចំណូលបន្ថែមផងដែរ។»

លោក Alkaff  បានបន្ថែមទៀតថា ៖​ «នៅក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋត្រូវការដំណោះស្រាយ ជាបន្ទាន់  ដើម្បីដោះស្រាយភាពខ្វះចន្លោះក្នុងគ្រាដ៏លំបាកបែបនេះ សេវាកម្មរហ័សរបស់យើងនឹងរង់ចាំជួយសម្រួលដល់ពួកគេជានិច្ច។»

Advertisement