រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យនាំចេញអង្ករស ចាប់ពីថ្ងៃទី20 ខែឧសភា តទៅ

ការនាំចេញអង្ករសនឹងត្រូវអនុញ្ញាតឱ្យមានសកម្មភាពឡើងវិញជាបណ្តើរៗ តាមកិច្ចសន្យា បញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី20 ខែឧសភា ឆ្នាំ2020តទៅ។ ការសម្រេចនេះ ត្រូវ បានប្រកាសឱ្យដឹងតាមរយៈលិខិតផ្លូវការរបស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជា កាលពី ថ្ងៃទី13 ខែឧសភា ឆ្នាំ2020។

តាមលិខិតផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូន​ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា តាមសំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជ​រដ្ឋាភិបាល សម្រេចផ្តល់ការអនុញ្ញាតឱ្យធ្វើការនាំចេញអង្ករស ជាបណ្តើរៗឡើងវិញ តាមកិច្ច​សន្យា​បញ្ជាទិញពីក្រៅប្រទេស។

សូមរំឭកថា ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក ក្នុងដំណាក់ប្រឈមនឹងការរីករាល​ដាល​នៃជំងឺកូវីដ-19 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ​ទី30 ខែមីនា ឆ្នាំ2020 ដាក់ចេញបទបញ្ជាឱ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ដោយចាប់អនុវត្តន៍ពីម៉ោង 23:59នាទី ថ្ងៃទី5 ខែមីនា ឆ្នាំ2020 ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងវិបត្តិនៃជំងឺកូវីដ-19។ ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់ តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឱ្យនាំចេញធម្មតា។

យោងតាមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករ កម្ពុជាកាលពីថ្ងៃទី12 ខែ​ឧសភា ឆ្នាំ​2020 របស់ក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹងថា គម្រោងសិក្សា​ថ្លៃ​ដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា ត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ច​សហ​ការ និងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈមឧត្តម​ភាព ឬលទ្ធ​ភាព​ពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។

ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើ​ខ្សែចង្វាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផល ការសម្ងួត និងកិន រហូតដល់​ការនាំចេញ ដែលរួមទាំងការដឹកជញ្ជូន និងការរត់ការឯកសារផងដែរ សម្រាប់ការនាំ​ចេញទៅកាន់​ប្រទេសគោលដៅ (ប្រទេសនាំចូល) នៅសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។

ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​ ដែលបានដឹកនាំ​កិច្ចប្រជុំពិភាក្សា​លើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study)​បានឱ្យដឹងថា របាយការណ៍ នៃលទ្ធផលសិក្សា នឹងផ្សព្វផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅដាក់ចេញផែនការ និងគោលនយោបាយអភិវឌ្ឍន៍វិស័យស្រូវ-អង្ករកម្ពុជា និង​ឈានទៅចាប់​យកទីផ្សារអង្ករក្រៅប្រទេស។

ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន បន្ត​សហការ និងធ្វើ​ការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករកម្ពុជា លើតម្លៃអង្ករនាំចេញ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាលើផ្នែកពាក់ព័ន្ធ​សំខាន់ៗដែលប៉ះពាល់​ដល់តម្លៃនាំចេញ​អង្ករ​កម្ពុជា រួមមាន៖ អគ្គិសនី ថ្លៃដឹកជញ្ជូនពីឃ្លាំងទៅកំពង់ផែ ថ្លៃចំណាយនៅកំពង់ផែ ចំណាយ​លើ​ការនាំចេញ ថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ (នាំចូល) និងចំណាយពាក់​ព័ន្ធផ្សេងៗ​ទៀតផងដែរ។

គួរបញ្ជាក់ថា គិតត្រឹម 3ខែ ដើមឆ្នាំ2020នេះ កម្ពុជាបាននាំចេញអង្ករសរុបទៅកាន់ទីផ្សារ អន្តរជាតិចំនួនជាង 23ម៉ឺនតោន ខណៈដែលសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានបង្ហាញពីក្ដីរំពឹង ចំពោះការនាំចេញអង្កររបស់កម្ពុជានៅ ឆ្នាំ2020 នេះថា អាចនឹងមានការកើនឡើងដល់ 80ម៉ឺនតោន។ កាលពីឆ្នាំ 2019 កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុបចំនួន 62ម៉ឺនតោន ថយចុះជិត 1% បើធៀបនឹងឆ្នាំ2018៕

Advertisement