«បណ្តុំទស្សនៈ» របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានដាក់សម្ពោធជាផ្លូវការ

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​សុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី និង​ក្រុមការងារ​បានរៀបចំ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​សៀវភៅ «បណ្តុំ​ទស្សនៈ» ឬក៏​ភាសា​អង់គ្លេស​មានឈ្មោះ​ថា “The Philosophy Collection” នៅឯ​ម៉ូ​នូ​មែន​ប៊ុ​ក ជាមួយ​វត្តមាន​បងប្អូន​អ្នកសារព័ត៌មាន ភ្ញៀវកិត្តិយស​មកពី​បណ្តាល បណ្ណាគារ បណ្ណាល័យ និង​បងប្អូន​ដែល​និយម​ចូលចិត្ត​អាន​សៀរ​ភៅ អី្វ​ដែល​កាន់តែ​ពិសេស គឺ​វត្តមាន​ហ្វេនៗ របស់លោក​ឧកញ៉ា​តែម្តង។

ខ្លឹមសារ​នៅក្នុង​សៀវភៅ​បណ្ដុំ​ទស្សនៈ​បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត បទពិសោធ និង​ភាពជោគជ័យ ដែល​អ្នកនិពន្ធ​បាន​ឆ្លងកាត់​កន្លងមក។ រៀបរាប់​អំពី​គន្លឹះ​ក្នុង​ការកសាង​សុភមង្គល ការអប់រំ ការជំរុញ​លើកទឹកចិត្ត ភាពជា​អ្នកដឹកនាំ មាគ៌ា​បុគ្គល​ជោគជ័យ និងគំនិតល្អៗ សម្រាប់​អាជីវកម្ម។

វា​គឺជា​វណ្ណ​កម្មនេះ​កើតចេញពី​ទស្សនៈ និង​គំនិត​ផ្ទាល់​របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដោយ​មិន​ឆ្លុះបញ្ចាំង ឬ​ពាក់ព័ន្ធ​នឹង​គោលការណ៍​នៃ​ទស្សនៈ ឬ​គំនិត​របស់​ទ្រឹស្ដី​ណាមួយ​នោះឡើយ។ មិនតែប៉ុណ្ណោះ សៀវភៅ​នេះ​ជា​ចំណែក​មួយ​ជួយ​ធ្វើ​ឲ្យ​អ្នកអាន​ចេះ​កសាង​សុភមង្គល​ក្នុង​គ្រួសារ ចេះ​តស៊ូ​ក្នុង​ដំណើរ​ជីវិត និង​ចេះ​ជំរុញ​លើកទឹកចិត្ត​ខ្លួនឯង។

បន្ថែម​ពីនេះ​ទៅទៀត​សៀវភៅ​នេះ​គឺជា​ចំណែក​មួយ​ជួយ​ធ្វើ​ឲ្យ​មិត្ត​អ្នកអាន​យល់ដឹង​កាន់តែច្បាស់​អំពី​ភាពជា​អ្នកដឹកនាំ និង​ធ្វើ​ឲ្យ​មិត្ត​អ្នកអាន​ស្គាល់ផ្លូវ​ទៅកាន់​ភាពជោគជ័យ រួមទាំង​យល់ដឹង​ពី​ការធ្វើ​អាជីវកម្ម​ផងដែរ។ កាន់តែ​ពិសេស​ជាងនេះទៅទៀត សៀវភៅ​នេះ​នឹង​អាចជួយ​ធ្វើ​ឲ្យ​មិត្ត​អ្នកអាន សិស្ស និស្សិត បាន​យល់ដឹង​ពី​គន្លឹះ​រៀនសូត្រ ថា​គួរ​រៀន​យ៉ាងដូចម្តេច​ដើម្បី​ទទួលបាន​សមត្ថភាព ចំណេះដឹង និង​ផ្លែផ្កា​ពិតប្រាកដ​នាពេល​អនាគត។

គួរ​បញ្ជាក់ថា​សៀវភៅ​បណ្ដុំ​ទស្សនៈ​ដែលមាន​កម្រាស់ ៣០៦ទំព័រ គឺជា​ស្នាដៃ​ទី៧ របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​បាន​បោះពុម្ព​ចែកចាយ​នៅលើ​ទីផ្សារ ក៏ដូចជា​ចែកជូន​បងប្អូន​មិត្ត​អ្នកអាន​ជា​សាធារណៈ ហើយ​សៀវភៅ​បណ្ដុំ​ទស្សនៈ​បាន​បោះពុម្ពផ្សាយ​ជា​លើកទីមួយ​មាន​ចំនួន ៣០០០ក្បាល ហើយ​ថវិកា​ដែល​ប្រមូល​បានមកពី​ការលក់​សៀវភៅ នឹង​បរិច្ចាគ​ទៅ​មូលនិធិ ម៉េង​លី ជេ. គួច។

រូបភាព​ដោយ៖ សាគូ​រ៉ា

Advertisement