ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បី CSA ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិធំចំនួន២ ជំរុញការលក់នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បីឈ្មោះ CSA Real Estate Group ដែលមានគម្រោងជាច្រើននៅក្នុងដៃបានសម្រេចធ្វើការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិធំៗចំនួន២ រួមមានក្រុមហ៊ុន CBRE Cambodia និងក្រុមហ៊ុន APi (ATSOLUTIONS) ដើម្បីជំរុញលក់ និងលើកកម្ពស់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។

នៅក្នុងពិធីចុះអនុស្សរណៈយោគយល់នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក Alan Neo នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Singapore Alliance (CSA) បានមានប្រសាសន៍ថា “ក្នុងនាមជាតំណាងក្រុមហ៊ុន CSA ពិតជាមានភាពរីករាយក្នុងកិច្ចសហការជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំង២ ដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យអចលនទ្រព្យជាសកល”។

លោក Alan Neo បានមានប្រសាសន៍បន្តថា “ហេតុផលដែលក្រុមហ៊ុន CSA សម្រេចចិត្តសហការជាដៃគូលក់អចលនវត្ថុស៊ីជម្រៅជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi (ATSOLUTIONS) ក៏ព្រោះតែក្រុមហ៊ុនទាំង២សុទ្ធតែជាក្រុមហ៊ុនជំនាញដ៏ល្បីល្បីឈ្មោះលំដាប់អន្តរជាតិ និងមានបទពិសោធន៍ក្នុងការលក់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាច្រើនជាង១០ឆ្នាំ និងទទួលបានលទ្ធផលជោគជ័យខ្ពស់។ តាមរយៈកិច្ចចុះអនុស្សារណៈយោគយល់នៅពេលនេះ ខ្ញុំជឿជាក់ថាពិតជាអាចធ្វើឱ្យទីផ្សារលក់ ជាពិសេសផ្នែកខុនដូនៅកម្ពុជាទទួលបានជោគជ័យខ្ពស់ តាមរយៈការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក”។

លោកបានបញ្ជាក់ថា អ្វីដែលសំខាន់នៅក្នុងកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi នៅពេលនេះ គឺនៅមានការបំពេញបន្ថែមនូវការចែករំលែកបទពិសោធន៍ និងជំនាញទៅវិញទៅមកតាមរយៈការបណ្តុះបណ្តាលនូវចំណេះដឹង យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការលក់នៅលើទីផ្សារដែលមានភាពប្រកួតប្រជែងផងដែរ”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា នៅពេលទីផ្សារអចលនទ្រព្យមានការវិវត្ត និងរីកចម្រើន ប្រទេសកម្ពុជាត្រូវការភ្នាក់ងារអចលនទ្រព្យដែលមានជំនាញក៏ដូចជាឈ្មួញកណ្តាលអចលនទ្រព្យដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ដើម្បីបម្រើនៅក្នុងទីផ្សារជួរមុខ។

លោកស្រីបានបញ្ជាក់ថា “តាមរយៈកិច្ចសហកាជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន CSA និងក្រុមហ៊ុន CBRE Cambodia ជឿជាក់ថានឹងនាំមកនូវជោគជ័យខ្ពស់សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ ការធ្វើជាដៃគូនេះបានបង្ហាញឱ្យឃើញថាខ្លួនជាឧបករណ៍អាជីវកម្មដ៏មានឥទ្ធិពលបំផុតមួយក្នុងការដោះស្រាយ និងរាប់រងទីផ្សារជាមួយអតិថិជនដែលមានការភាពរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់”។

ជាមួយគ្នានេះ លោក ឆម ចំរើន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi (ATSOLUTIONS) បានមានប្រសាសន៍ថា “ភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលក់នៅក្នុងទីផ្សារអចលនទ្រព្យកំពុងក្លាយជាជម្រើដ៏ប្រសើរ និងឈានមុខនៅពេលបច្ចុប្បន្ននេះ ដែលអាចនាំមកនូវភាពជោគជ័យខ្ពស់នៅក្នុងទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងខ្លាំង”។

លោកបន្តថា “APi ដែលមានសម្ព័ន្ធជាង១០ក្រុមហ៊ុនភ្នាក់ងារដទៃទៀត បានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងបទពិសោធន៍ជោគជ័យជាច្រើនឆ្នាំនៅក្នុងទីផ្សារដែលកំពុងតែមានសក្ដានុពលមួយនេះ ដើម្បីសហការជាដៃគូគ្រប់ជ្រុងជ្រោយជាមួយក្រុមហ៊ុន CSA ហើយយើងនឹងជួយបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងអាចជំរុញការលក់ឱ្យទទួលបានភាពជោគជ័យខ្ពស់ ក៏ដូចជាជួយលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរជាងនេះបន្ថែមទៀត”៕

Advertisement