ស្នាដៃ​និពន្ធ​ថ្មី របស់​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ត្រូវ​បានដាក់​សម្ពោធ​ហើយ

ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​បញ្ចេញស្នាដៃ​និពន្ធ​ថ្មី​សន្លាង​មួយ​ទៀតហើយ​នៅថ្ងៃនេះ គឺជា​សៀវភៅ​ដែលមាន​ឈ្មោះថា “កម្រង​កំណាព្យ​ពី​ដួងចិត្ត”  ជា​សៀវភៅ​ដែល​ពោរពេញ​ទៅដោយ​សារៈ​ខ្លឹមសារ នៃ​ស្នាដៃ​និពន្ធ​របស់លោក​ឧកញ៉ា​ផ្ទាល់ ដែល​ត្រូវ​បានដាក់​សម្ពាធ​នៅ​ថ្ងៃទី25 ខែមករា ឆ្នាំ2021 នៅ​បណ្ណាគារ ម៉ូ​នូ​មែន​ប៊ុ​ក។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ថ្លែង​ជម្រាបជូន​ភ្ញៀវកិត្តិយស នៅក្នុង​ឱកាស​នោះ​ថា សៀវភៅ​នេះ ជា​ប្រភេទ​សៀវភៅ​កម្រង​កំណាព្យ ដែល​ផ្ទុក​ទៅដោយ​បណ្តុំ​ទស្សនៈ​យល់ឃើញ​ជុំវិញ​បញ្ហា សីលធម៌ គុណធម៌ គតិ​អាជីវកម្ម គតិ​អប់រំ​ទូទៅ ការតស៊ូ​ក្នុង​ជីវិត និង​ការ​រិះគិត​ជុំវិញ​ភាពជា​អ្នកដឹកនាំ ។ល។ ហើយ​រាល់​គតិ ទស្សនៈ និង​គន្លឹះ​ទាំងអស់នោះ គឺ​សុទ្ធសឹងតែ​ជាអ្វីៗដែល​រូបលោក​ផ្ទាល់​ធ្លាប់បាន​ឆ្លងកាត់​មក​ដោយ​ខ្លួនឯង​ទាំងអស់។

នៅក្នុង​សៀវភៅ «កម្រង​កំណាព្យ​ពី​ដួងចិត្ត» នេះ រួមមាន​ទស្សនៈ​ដែល​មនុស្ស​យុគ​បច្ចុប្បន្ន គួរតែ​បានដឹង ដូចខាងក្រោម៖

-កម្រង​កំណាព្យ​នេះ បង្ហាញ​ទស្សនៈ អំពី​ការតស៊ូ​ស្វែងរក​ភាពជោគជ័យ​ក្នុង​ជីវិត
-ចែករំលែក​ទស្សនៈ​ជុំវិញ​បញ្ហា​សីលធម៌ និង​ទង្វើ​ក្នុងនាម​មនុស្សជាតិ
-ចែករំលែក​គន្លឹះ ជុំវិញ​ផ្នត់គំនិត​ប្រកប​អាជីវកម្ម
-ចែករំលែក​ទស្សនៈ ជុំវិញ​ភាពជា​អ្នកដឹកនាំ
-ចែករំលែក​ភាព​មេត្តា អាណិត
-ជំរុញ​ការលើកទឹកចិត្ត
-ផ្តល់​ភាពក្លាហាន និង​ព្យាយាម​ពុះពារ
-មាន​ខ្លឹមសារ និង​សោភណភាព​នៃ​កំណាព្យ​បែប​ខ្មែរ​សុទ្ធសាធ។

ចំណែក​លក្ខណៈ និង​ទម្រង់​របស់​សៀវភៅ​ខាងលើនេះ រួមមាន៖

-បោះពុម្ពផ្សាយ​ដោយ៖ គ្រឹះស្ថានបោះពុម្ពផ្សាយ​នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ. គួច
-កាលបរិច្ឆេទ៖ ខែកញ្ញា គ.ស. 2020
-កម្រាស់៖ 356ទំព័រ
-ទំហំ៖ 13cm X 19.5cm
-ភាសា៖ ខ្មែរ
-បោះពុម្ព​លើក​ទី1 ចំនួន 3,000ច្បាប់
-តម្លៃ៖ 32.800រៀល (8.00USD)។

នៅ​ចំពោះមុខ​ភ្ញៀវកិត្តិយស និង​ក្រុម​អ្នកសារព័ត៌មាន​នានា លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បានឱ្យដឹង​ដែរ​ថា ថវិកា​ដែល​បានមកពី​ការលក់​សៀវភៅ​នេះ និង​សៀវភៅផ្សេងៗទៀត ដែល​លោក​និពន្ធ​ឡើង​ទាំងអស់ នឹង​បរិច្ចាគ​ជូន​មូលនិធិ ម៉េង​លី ជេ. គួច ដើម្បី​យកទៅជួយ​លើ​ការងារ​ផ្នែក​មនុស្សធម៌ និង​រួមចំណែក ជួយ​លើ​ការងារ​សង្គមជាតិ ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​អភិវឌ្ឍ​វិស័យ​អប់រំ ផ្តោតលើ​អក្សរសាស្ត្រ​ជាតិ។

លោក​ក៏​ប្រកាស​ឱ្យដឹង​បន្ថែមទៀត​ដែរ​ថា លោក​នឹង​ផ្តល់​សៀវភៅ​របស់លោក​ដោយ​ឥតគិតថ្លៃ ដល់​ប្រិយមិត្ត​ដូចជា អ្នក​ខ្វះខាត​ថវិកា អ្នក​ដែល​ចង់​បង្កើត​បណ្ណាល័យ​នៅតាម​សហគមន៍ និង​បណ្ណាល័យ​ចល័ត​ជាដើម៕

Advertisement