ឧកញ៉ា ប៉ិច បូ​ឡែ​ន៖ សិស្ស​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា​វិទ្យាសាស្ត្រ​ពិត ឬ​វិទ្យាសាស្ត្រ​សង្គម ពី​ថ្នាក់​ទី១០ ដើម្បី​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​ការសិក្សា​បន្ត និង​ពង្រឹងសមត្ថភាព​ការងារ​ថ្ងៃក្រោយ

«សិស្ស​ត្រូវ​គិតគូរ និង​សម្រេចចិត្ត​ឲ្យ​ច្បាស់​ក្នុងការ​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រា​ពិត ឬ​វិទ្យាសាស្ត្រ​សង្គម ពី​ថ្នាក់​ទី 10 ទៅ​ឲ្យ​ហើយ ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ឈានទៅ​ចាប់យក​ជំនាញ​សិក្សា​ពិតប្រាកដ​មួយ​នៅ​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​បច្ចេកទេសផ្សេងៗ ក៏ដូចជា​ពង្រឹងសមត្ថភាព​ការងារ»។ នេះ​ជាការ​លើកឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា បឋមភូមិ នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ច្បារអំពៅ។

ឧកញ៉ា​បាន​បន្ថែមទៀតថា សិស្ស​ខ្លះ​ចូលរៀន​ខុស​ជំនាញ ដោយសារ​នៅ​វិទ្យាល័យ ពួកគេ​ខិតខំ​រៀនសូត្រ​តែ​មុខវិជ្ជា​​វិទ្យា​សាស្ត្​រ​សង្គម​ ពីព្រោះ​មិន​ចង់​ប្រើ​ខួរក្បាល និង​មិន​ចូលចិត្ត​ការគិត វិភាគ​ស្មុគស្មាញ​ច្រើន តែ​នៅពេល​រៀន​ចប់​វិទ្យាល័យ បែរជា​ជ្រើស​រើសយក​ជំនាញ​ផ្នែក​វិស្វកម្ម ឬ​ហិរញ្ញវត្ថុ​ទៅវិញ ដែល​ជំនាញ​ទាំងនោះ​ត្រូវ​ប្រើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ជួយ​គាំទ្រ។ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ការសិក្សា​ខុស​ទិសដៅ និង​មិន​ទទួលបាន​ជោគជ័យ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បែង​ចែកជា​ពីរ​ផ្នែក​មុខវិជ្ជា​សិក្សា គឺ​ផ្នែក​វិទ្យាសាស្ត្រ​ពិត ដែលមាន​មុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ឯ​ផ្នែក​វិទ្យាសាស្ត្រ​មានមុខ​វិជ្ជា ភាសា​ខែ្មរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌​និង​ពលរដ្ឋវិទ្យា ផែនដីវិទ្យា និង​ភាសាបរទេស ហើយ​ចាប់​អនុវត្ត​នៅ​ថ្នាក់​ទី 12។

ម្ចាស់​គ្រឹះស្ថាន​អប់រំ​បាន​សង្កត់ធ្ងន់ថា សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ គឺ​ត្រូវ​ការជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ច្រើនជាងគេ ដូចជា​ផ្នែក​វិស្វកម្ម ស្ថាបត្យកម្ម សរសេរ​កូដកម្ម​វិធី វិ​ជ្ជ​សាស្ត្រ បច្ចេកវិទ្យា វិភាគ​សេដ្ឋកិច្ច វិភាគ​ហិរញ្ញវត្ថុ​ជាដើម ដែល​ជំនាញ​ទាំងនោះ​មាន​ឪ​កាស​ទទួលបាន​ការងារ​ច្រើន ជាមួយនឹង​ប្រាក់បៀវត្សរ៍​ក៏​ច្រើន​គួរសម​ផងដែរ។

សូមជម្រាបថា ដោយ​ស្ថានភាព Covid-19 សិ្ថ​ត​ក្នុងការ​ការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដូចនេះ​សាលា​បាន​ព្យាយាម​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​គោរព​តាម​វិធាន​ការពារ​របស់​ក្រសួង ដោយមាន​ការពាក់​ម៉ាស វាស់​កម្តៅ និង​លាងដៃ​នឹង​អាល់កុល និង​បាន​បែងចែក​ការប្រគល់​វិញ្ញាបនបត្រ​តាម​កាលបរិច្ឆេទ នៅ​បួន​ទីតាំង​ផ្សេងគ្នា រួមមាន៖  សាខា​ច្បារអំពៅ សាខា​ចំការ​ដូង សាខា​ដូនពេញ និង​សាខា​សន្ធរម៉ុក៕

Advertisement