ខាន់ ចេសា ត្រូវប៉ះកីឡាការិនី មកពីប្រេស៊ីល នៅដើមខែមេសានេះ

កីឡាការិនី​កូនកាត់​កម្ពុជា-មិ​ក​ស៊ិ​ក-អាមេរិកាំង ខាន់ ចេ​សា ឈ្នះ​ខ្សែក្រវាត់ Who Number One នឹង​ឡើង​ទៅកាន់​សង្វៀន Evolve Ur Game ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​មកពី​ប្រទេស​ប្រេ​ស៊ី​ល Thamires Aquino។ ហើយ​នេះ​ជាការ​ប្រកួត Superfight ដែល​ធ្វើ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស់ រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី3 ខែមេសា ឆ្នាំ2021។

នេះ​ជាការ​បង្ហាញខ្លួន​ជាថ្មី​ម្តងទៀត​របស់ ចេ​សា បន្ទាប់ពី​ឈ្នះ​កីឡាការិនី Danielle Kelly ក្នុង​កម្មវិធី Who Number One នៅ​តិច​សាស់ កាលពីពេលថ្មីៗកន្លងទៅ។ ដោយមាន​ឪពុក​ជា​កូនកាត់​កម្ពុជា-អាមេរិក និង​ម្តាយ​ជា​កូនកាត់​មិ​ក​ស៊ិ​ក-អាមេរិក ខាន់ ចេ​សា ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាការិនី ដែល​លេង​កីឡា​ជូ​ជី​តស៊ូ​បានល្អ​បំផុត​ក្នុង​ពិភពលោក ដោយ​ឈ្នះ​ជើងឯក​ពិភពលោក 3ដង, ជើងឯក​ទ្វីបអាមេរិក 4ដង, ជើងឯក​ពិភពលោក NoGi 3ដង និង​ជើងឯក​អឺរ៉ុប 2ដង។ នៅ​ឆ្នាំ2018 និង2019 កីឡាការិនី​រូបនេះ បាន​ប្រកួត​តំណាងឱ្យ​កម្ពុជា ហើយ​ដណ្តើមបាន​មេដាយមាស កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ហ្វ៊ី​លី​ពី​ន៕

Advertisement