បើក​អាថ៌កំបាំង បាល់ទាត់​ពិភពលោក​កាតា​រ៍ សម្លាប់​ជីវិត “ពលករ” អស់ 6,500នាក់​ហើយ

សារព័ត៌មាន​នៃ​ប្រទេស​អង់គ្លេស បាន​បើក​កកាយ​អាថ៌កំបាំង ស្ដីពី​ជីវិត​ពលករ​ចំណាកស្រុក​នៅក្នុង​ប្រទេស​កាតា​រ៍ ដែល​ធ្វើ​ការងារ ពាក់ព័ន្ធ​នឹង​ភាព​ត្រៀម​រួចជាស្រេច ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក2022 ឬ World Cup 2022 ដែល​បាន​យក​ជីវិត​ទៅ​ចោល នៅក្នុង​ដែនដី​មជ្ឈិមបូព៌ា អស់​រួចហើយ​ជាង 6,500នាក់ ជាពិសេស​ពលករ​ដែល​ទៅ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង ដោយ​ឯកសារ​ផ្លូវការ បាន​បញ្ជាក់ថា ភាគច្រើន​បណ្ដាលមកពី​មូលហេតុ​ខាង​ធម្មជាតិ។

សារព័ត៌មាន “ដឹ ហ្គា​ដៀ​ន” ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អង់គ្លេស បានបង្ហាញ​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ ដែល​បាន​រកឃើញថា គិត​ចាប់តាំងពី ប្រទេស​កាតា​រ៍ បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​​ពិភព​លោក​2022​ កាលពី​ឆ្នាំ2011 រហូតមកដល់​អំឡុង​ចុងឆ្នាំ2020 កន្លងមក មាន​ពលករ​ចំណាកស្រុក ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នេះ មិនថាតែ​ការកសាង​កីឡដ្ឋាន,  ទីលាន​បាល់ទាត់ ឬ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ បានសម្លាប់​ជីវិត​មនុស្ស​រួចហើយ អស់​ជាង 6,500នាក់ នេះ​រាប់​ចំពោះតែ​ពលករ ដែល​ទៅ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ប៉ុណ្ណោះ ឬ​គិត​ជា​មធ្យម គឺ​ស្លាប់​ក្នុង 1សប្ដាហ៍​ដល់​ទៅ 12នាក់​ឯណោះ។

របាយការណ៍​របស់​ដឹ ហ្គា​ដៀ​ន បាន​យោងតាម​តួលេខ​ផ្លូវការ​របស់​ប្រទេស​កាតា​រ៍ ដែល​បាន​បញ្ជាក់ថា ក្នុង​ចំនួន​ពលករ​មកពី​អាស៊ី​ខាងត្បូង​ជាង 6,500នាក់​ដែល​បាន​ស្លាប់ ក្នុងអំឡុង​ជិត 1ទសវត្សរ៍​កន្លង​ទៅនោះ ចែកចេញជា ពលករ​ទៅ​ពី​ប្រទេស​ឥណ្ឌា 2,711នាក់ ពី​នេ​ប៉ាល់ 1,461នាក់ ពី​បង់​ក្លា​ដែ​ស 1,018នាក់ ពី​ប៉ា​គី​ស្ថាន 824នាក់ និង​ទៅ​ពី​ស្រីលង្កា 557នាក់ ដោយ​ការរកឃើញ​នេះ នៅ​មិនទាន់​រួមជាមួយ​ពលករ ទៅ​ពី​ភូមិភាគ​ផ្សេងទៀត ដូចជា​ពលករ​ទៅ​ពី​ទ្វីបអាហ្វ្រិក ជាពិសេស​ប្រទេស​ឃេ​ន​យ៉ា រួមទាំង​ភូមិភាគផ្សេងៗរបស់​ទ្វីបអាស៊ី ដូចជា​ពលករ​ហ្វ៊ី​លី​ពី​ន ដែលមាន​ចំនួន​ដ៏​ច្រើន​មហាសាល​ដូចគ្នា។ តែ​យ៉ាងណាក៏ដោយ រដ្ឋបាល​នៃ​ប្រទេស​កាតា​រ៍ បាន​បញ្ជាក់ថា ចំនួន​ពលករ​ដែល​ស្លា​ប់​នេះ ត្រូវបាន​ចាត់ទុកថា ជា​ចំណែក​មួយ​ដែល​ប្រក្រតី បើ​ប្រៀបធៀប​នឹង​អំឡុងពេល 1ឆ្នាំៗនៃ​ចំនួន​ពលករ​បរ​ទេស​ដែល​ចូលមក​ធ្វើការ​នៅក្នុង​ប្រទេសមួយ​នេះ។

ក្រៅពីនេះ សារព័ត៌មាន​ល្បី​របស់​ប្រទេស​អង់គ្លេស​មួយ​នេះ ថែមទាំង​បានបញ្ជាក់​ទៀតផង​ថា តាម​ដែល​អាច​ស្រាវជ្រាវ​រកឃើញ​នោះ មាន 37នាក់ បាន​ស្លាប់​ក្នុងខណៈ​ប្រតិបត្តិ​ការងារ ក្នុង​ការកសាង​ទីលាន​បាល់ទាត់​ថ្មី​ទាំង 7កន្លែង ដែល​ម្ចាស់ផ្ទះ ត្រៀម​ទុក​សម្រាប់​រៀបចំ​ការប្រកួត World Cup 2022 ផ្ទាល់​តែម្ដង ខណៈដែល​អ្នកស្លាប់​ភាគច្រើន គឺជា​ពលករ​ដែល​ធ្វើការ​ក្នុង​គ្រោង​ការដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ខណៈដែល​មូលហេតុ​នៃ​ការស្លាប់​ទាំងអស់នោះ មាន​តាំងពី ការ​ត្រូវ​វត្ថុ​រឹង​បុក​ប៉ះ ការខ្វះ​ខ្យល់​ដកដង្ហើម រហូតដល់​ការចងក​សម្លាប់ខ្លួន តែ​មូលហេតុ​ភាគច្រើន ដែល​បានបញ្ជាក់​នៅក្នុង​ឯកសារ​ផ្លូវការ​នោះ​គឺ ការស្លាប់​ដោយសារ​មូលហេតុ​ធម្មជាតិ​ភាគច្រើន មិនថាតែ​គាំងបេះដូង ឬ​មូលហេតុ​បណ្ដាលមកពី សភាព​ធាតុអាកាស ដែល​ក្ដៅ​ខ្លាំង​របស់​ប្រទេស​កាតារ។

ទាំងអស់នេះ ប្រទេស​កាតា​រ៍ រួមទាំង​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​ភូមិភាគ​មជ្ឈិមបូព៌ា ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស​ដែល​ពឹងពាក់​លើ​ពលករ​បរទេស​ជា​ចម្បង ក្នុង​ចំនួន​ប្រជាជន 2.6លាន​នាក់​នោះ មាន​អ្នក​ដែលមាន​សញ្ជាតិ​កាតា​រ៍ តែ​ប្រមាណ​ជា 313,000នាក់​ប៉ុណ្ណោះ ចំណែក 2.3លាន​នាក់​ទៀត ជា​ពលករ​ចំណាកស្រុក​បរទេស ដោយ​កាលពីពេល​មុននេះ ប្រទេស​នៅ​ពី​ដែនដី​មជ្ឈិមបូព៌ា​មួយ​នេះ តែងតែ​ត្រូវបាន​គេ​សង្ស័យ ពី​រឿង​ការប្រតិបត្តិ​ចំពោះ​ពលករ​ចំណាកស្រុក​បរទេស រួមទាំង​រឿង​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់​ផងដែរ៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement