ក្រុមបាល់ទាត់ វិសាខា និង ម្ចាស់ពាន KMH Cup ប្រកួតមិត្តភាព អបអរទិវាពល កម្មអន្ដរជាតិ

ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ក្រុមហ៊ុន ISI Group ដែលជាអ្នកបង្កើត មូលនិធិ ខេ អឹម អេចនោះ បានរៀបចំការប្រកួតមិត្តភាព ទិវាពលកម្ម ខេ អឹម អេច លេជេន ឆ្នាំ២០១៧  កាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅថ្មីៗនេះលើទីលានបាល់ទាត់ KMH។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៣១ ហើយក៏ជាឱកាសថ្លែងអំណរគុណ និងផ្ដល់នូវសេចក្ដីគោរពចំពោះបុគ្គលិក រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ISI Group ដែលខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការលើទីផ្សារ ។

ម្យ៉ាងក៏ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលទាំងនេះគឺជាគោលការណ៍ដ៏សំខាន់ និងជំរុញឲ្យមូលនិធិ ខេ អឹម អេច រៀបចំព្រឹត្តិការណ៍នេះឡើង ។

មូលនិធិ ខេ អឹម អេច ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា និងការងារសង្គមទៀតផង ។ ជាក់ស្ដែងកន្លងមកក្រុមហ៊ុន ISI Group តាមរយៈមូលនិធិនេះ បានរៀបចំព្រឹត្តិការណ៍បាល់ទាត់នៅលើទីលាន KMH នឹងប្រមូលបានថវិកាសប្បុរសធម៌ជាច្រើន ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា និងការងារសង្គមមួយចំនួនជាដើម ។

ចំពោះការប្រកួតមិត្តភាពខាងលើវិញ ក្រុមទើបបង្កើតថ្មីវិសាខា បានយកឈ្នះក្រុមពិស្ណុការ ក្នុងលទ្ធផល ៤-២ ដែលជ័យជម្នះនេះសរបញ្ជាក់ឲ្យឃើញពីការត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការបង្ហាញវត្តមានលើកដំបូងក្នុងការប្រកួតលីគលំដាប់ទី២ របស់កម្ពុជា នារដូវកាលទី២ ឆ្នាំ២០១៧ ។

ក្រៅពីគូប្រកួតគួរឲ្យចាប់អារម្មណ៍នេះ ក្រុមវ័យចាស់ KMH Legend ក៏បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមវ័យចាស់សហភាពសហព័ន្ធយុវជនខេត្តព្រៃវែង ដើម្បីអបអរព្រឹត្តិការណ៍នេះដែរ ដោយលទ្ធផលក្រុមតំណាងខេត្តព្រៃវែងបានយកឈ្នះ ៥-១ ៕

 

Advertisement