បាល់ទាត់​កម្ពុជា កំពុងតែ​រីកចម្រើន​ជាប្រចាំ ឆ្ពោះទៅរក​មេដាយមាស ស៊ី​ហ្គេម 2023

កម្ពុជា បានក្លាយ​ទៅជា​ប្រទេស​ដែល​និយម​កីឡាបាល់ទាត់​មួយ នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដែលមាន​សកម្មភាព​បា​ល់​ទាត់​នៅ​ទូទាំង 25ខេត្ត​ក្រុង គ្រប់​កម្រិត​អាយុ​ទាំងអស់។ បើ​និយាយ​អំពី​បាល់ទាត់​កម្ពុជា មាន​ក្រុម​ជម្រើសជាតិ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ1933 ដោយ​ប្រមាណ​ជា 40ឆ្នាំ​ក្រោយមក កម្ពុជា​បាន​ឈានដល់​កម្រិត​កំពូល ដោយបាន​ទទួល​ចំណាត់ថ្នាក់​លេខ4 ប្រចាំ​ទ្វីបអាស៊ី។

នាពេល​បច្ចុប្បន្ន បាល់ទាត់​កម្ពុជា បាន​ស្តារឡើងវិញ​ចាប់ពី​ចំណុចសូន្យ ដោយបាន​ឈរ​នៅ​ចំណាត់ថ្នាក់​មធ្យម​នៅក្នុង​តំបន់​អាស៊ី ទោះជា​យ៉ាងណាក្តី ក្រុម​រហស្សនាម​គោព្រៃ​កម្ពុ​ជាមួយនេះ បាន​រក្សា​កំណត់ត្រា​យ៉ាង​ល្អ ក្នុង​វគ្គ​ជម្រុះ World Cup ដោយបាន​ឡើងមក​វគ្គ​ចែក​ពូ​លវគ្គ​ជម្រុះ ប៉ុន្មាន​លើកចុងក្រោយជាប់ៗគ្នា និង​បាន​ឈានចូល​វគ្គ​ចែក​ពូ​លវគ្គ​ជម្រុះ ពានរង្វាន់ ASIAN CUP ដូចគ្នា។

សម្រាប់​ក្នុង​តំបន់​អាស៊ាន​វិញ កម្ពុជា​កំពុងតែ​ឈាន​ឆ្ពោះទៅរក​មេដាយមាស ស៊ី​ហ្គេម ដោយ​កាលពី​ឆ្នាំ2019 បាន​បង្កើត​ប្រវត្តិសាស្ត្រ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង នៅ​ហ្វីលីពីន ដោយមាន​គម្រោង​យក​មេដាយមាស​ឱ្យបាន​នៅ​ឆ្នាំ2023៕

Advertisement