Can រកគ្រាប់បាល់បញ្ចូលដ៏អស្ចារ្យ ខណៈ Liverpool ផ្តួល Watford ដើម្បីពង្រឹងទីតាំងលេខ៣

ខ្សែ​បម្រើ Emre Can បាន​​រក​គ្រាប់​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​ ខណៈដែល​ក្រុម​ហង្ស​ក្រហម Liverpool ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១-០ លើ​ក្រុម Watford កាល​ពី​ថ្ងៃ​ចន្ទ​ នា​កីឡដ្ឋាន Vicarage Road ដើម្បី​​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​​ស៊ុត​បាល់​បក​ថយ​ក្រោយ​​ចូល​ក្នុង​​ជ្រុង​ម្ខាង​នៃ​សំណាញ់​ទី​យ៉ាងល្អ នៅ​ជិត​បញ្ចប់​តង់​ទី​មួយ​។ ជ័យ​ជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម Liverpool នាំ​មុខ​៤​​ពិន្ទុ​ដាច់​លើ​​ក្រុម​ឈរលេខ​៤ Manchester City និង​៥​ពិន្ទុ​ពីលើ​ក្រុម​ឈរ​លេខ​៥ Manchester Unite បើ​ទោះ​បី​លេង​ការ​ប្រកួត​ច្រើន​ជាង​ក្រុម​ទាំង​ពីរ​​១​ប្រកួត​ក៏​ដោយ​។ ក្រុម​ស្ថិ​តក្នុង​​ទីក្រុង Manchester ទាំង​​ពីរ​ហាក់​ដូច​ជា​ត្រូវ​ឡើង​​ទៅ​ឈរ​ពីលើ​ក្រុម​​ហង្ស​ក្រហម​របស់​លោក Jurgen Klopp ទៅ​​ហើយ ក្រោយ​ពី​ Liverpool បាន​រង​បរា​ជ័យ​​នៅ​កីឡដ្ឋាន Anfield ក្រោម​ស្នា​ដៃក្រុម Crystal Palace កាល​ពី​ចុង​សប្តាហ៍​មុន​។

ប៉ុន្តែ ក្រុម Man City បាន​បញ្ចប់​ក្នុង​​លទ្ធ​ផល​ស្មើ ២-២ ពេល​ជួបក្រុម Middlesbrough កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម Man United មិន​អាច​យក​ឈ្នះ​លើ​ក្រុម Swansea ដូច​គ្នា​។ Liverpool មិន​បាន​ជួប​​ការ​រីក​រាយ​ខ្លាំង​ឡើយ ខណៈ​ដែល Coutinho បាន​រង​របួស ក្រោយ​ពី​លេង​បាន​រយៈ​ពេល​១២​នាទី​។ លោក Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ពិត​ណាស់​ គ្រាប់​​បាល់​នេះ​ពិត​ជា​អស្ចារ្យ​។ វា​ច្បាស់​ណាស់​ថា យើង​​ត្រូវ​តែ​ធ្វើ​ការ ហើយ​​​​នោះ​គឺ​ជា​អ្វី​ដែល​យើង​បានធ្វើ​។ វា​មិន​ងាយ​ស្រួល​នោះឡើយ​សម្រាប់​ក្រុម​ទាំ​ងអស់​ក្នុង​ការ​ឈ្នះ​នៅ​ទីនេះ​។ យើង​ត្រូវ​ការ​សំណាង​ខ្លះ ប៉ុន្តែ យើង​បាន​ធ្វើ​ការ​យ៉ាង​លំ​បាក​ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះ​នោះ»​​៕

ប្រភព​ពី៖ Mirror

Advertisement