គណៈកម្មការ​បាល់ទាត់​អឺរ៉ុប គ្រោង​ដាក់ទណ្ឌកម្ម​ក្លិប4 ដែល​នៅ​មិនទាន់​ដកខ្លួន​ចេញពី ESL

គណៈកម្មការ​បាល់ទាត់​អឺរ៉ុប (UEFA) បានប្រកាស​ជា​លើកចុងក្រោយ ព្រមាន​ទៅដល់​ក្លិប ដែល​នៅ​សេសសល់​ក្នុង​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់ European Super League  ជា​ពាន​ដែល FIFA មិន​ទទួលស្គាល់ ឱ្យប្រញាប់​ដកខ្លួន​ចេញពី​ពាន​នេះ​ឱ្យបានឆាប់។

ក្នុងការ​ព្រមាន​នេះ UEFA បាន​បង្ហើប​ថា នឹង​ចេញ​នូវ​វិធាន​ការពិន័យ​ក្នុងពេលឆាប់ៗខាងមុខនេះ ដោយ​នឹង​ពិន័យ​មិនឱ្យ​ក្លិប​ទាំង4 ដែល​នៅ​សេសសល់​ក្នុង​ពាន​នេះ (មាន Barcelona, Real Madrid, AC Milan និង Juventus) មិនឱ្យ​ចូលរួម​ប្រកួត​ពានរង្វាន់​នានា​របស់​អឺរ៉ុប​រយៈពេល 2ឆ្នាំ។

គួរឱ្យ​ដឹង​ដែរ​ថា កាលពី​ដើមឡើយ ពាន​នេះ មាន​សមាជិក​ដល់​ទៅ 20ក្លិប​ឯណោះ តែ​ក្លិប​មួយចំនួន បាន​ដកខ្លួន​ចេញ​ជា​បន្តបន្ទាប់ ក្រោយពី UEFA គំរាមថា នឹងដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដោយ​ក្រោយពី​ដកខ្លួន​រួចហើយ ក្លិប​ទាំង​នោះបាន​ទទួលរង​ការពិន័យ​បន្តិចបន្តួច​ប៉ុណ្ណោះ​ពី​សំណាក់ UEFA៕

Advertisement