អ្នកចាំទី Cech ផ្ទុះកំហឹង ក្រោយ Arsenal ចាញ់ក្រុម Spurs

អ្នក​ចាំ​ទី Petr Cech របស់​ក្រុម Arsenal មិន​បាន​ព្យា​យាម​លាក់​បាំង​នូវ​កំហឹង និង​ការ​​ខក​ចិត្ត​ដែល​រូប​​គេ​មានអារម្មណ៍​ឡើយ ក្រោយ​ពី​ការ​​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-០ ក្រោម​ស្នា​ដៃ​ក្រុម Tottenham Hotspur កាល​ពីថ្ងៃ​អាទិត្យ បាន​ផ្តល់​នូវ​ការ​ខក​ចិត្ត​​ដ៏​ធំមួយ​ដល់​ក្រុម​កាំ​ភ្លើង​ធំ​ក្នុង​ការ​ប្រជែង​យក​កៅ​អី​ក្នុងក្រប​ខ័ណ្ឌ Champions League​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​បម្រើ Dele Alli និង​ខ្សែ​ប្រយុទ្ធ Harry Kane បាន​ជួយ​ឲ្យ​ក្រុម Spurs ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​នៅ​លើ​តារាង Premier League នោះ នាំ​មុខ​១៧​ពិន្ទុ​ដាច់​លើ​ក្រុម Arsenal និង​​​ជួយ​ឲ្យ​ក្រុម​​មាន់​ខ្នាយ​មាស​មួយ​នេះ ​ត្រូវ​បញ្ចប់​ដោយ​ស្ថិត​នៅ​​ពីលើ Arsenal ជាលើក​ទី​១​​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៩៥​។ Tottenham នៅ​តែ​ស្ថិត​ក្នុង​ការ​​ប្រជែង​ពាន ខណៈដែល​ក្រុមរ​បស់​លោក Mauricio Pochettino កំពុង​តែដេញ​តាម​ពីក្រោយ​ក្រុម Chelsea ៤​ពិន្ទុ ហើយ​​ក្រុម​ទាំង​ពីរ​នៅ​សល់​៤​ប្រកួត​ដូច​គ្នា​​នៅ​រដូវកាល​នេះ​។

ផ្ទុយ​ទៅ​វិញ​ក្រុម Arsenal កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​៦ និង​ដេញ​តាម​ពី​​ក្រោយ​ក្រុម​ឈរ​​លេខ​៤ Manchester City​ ដល់​ទៅ​៦​ពិន្ទុ បើ​ទោះ​បី​ក្រុម​កាំ​ភ្លើង​ធំ​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ក៏​ដោយ​។ ការ​ប្រកួត​បន្ទាប់​របស់ Arsenal គឺ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួលក្រុម Manchester United ដែល​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ និង​នាំ​មុខ​៥​ពិន្ទុ​ពី​លើ​ក្រុម Arsenal របស់​លោក Arsene Wenger​ នៅ​ចុង​សប្តាហ៍​នេះ​។ Cech បានប្រាប់​គេហ​ទំ​ព័រ​របស់ Arsenal ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ខឹង និង​ខក​ចិត្ត​ណាស់ ពីព្រោះ​នេះ​មិនមែន​ជា​ការ​ប្រកួត​ដែល​យើង​ចង់​ចាញ់​ឡើយ ហើយ​នេះ​ជា​ការ​ខក​ចិត្ត​ដ៏ធំ​បំផុត​សម្រាប់​យើង​»​៕

ប្រភព​ព័ត៌​មាន៖ Reuters

Advertisement