Arsenal ច្រានចោល​សំណើ 50លាន​ផោន​ពី Man City សម្រាប់ Sanchez

ក្លិប Arsenal បានសម្រេច​ចិត្ត​ធ្វើការ​ច្រានចោល​សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់ 50លាន​ផោន (ស្មើនឹង64.6លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី Alexis Sanchez ពី​ក្លិប Manchester City ដែលជា​គូប្រជែង​ក្នុង​ក្របខ័ណ្ឌ Premier League។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

កាសែត​អង់គ្លេស​ជាច្រើន​សុទ្ធសឹង​បានចេញ​ផ្សាយ​ថា Sanchez ត្រូវបាន​ទាក់ទង​ជាមួយនឹង​ការផ្ទេរ​មួយ​ទៅកាន់​ក្រុម​របស់លោក Pep Guardiola តាមរយៈ​ការយក​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Raheem Sterling ធ្វើជា​ថ្នូរ​នៃ​ការដោះដូរ​នោះ។

អ្នកនាំពាក្យ​ម្នាក់​របស់ Arsenal បាន​ឲ្យ​ដឹងថា៖ «មិនមាន​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​ឡើយ ប៉ុន្តែ​វា​ពិតជា​ស័ក្តិសម​ណាស់​ក្នុងការ​បញ្ជាក់ថា តួលេខ​នេះ​ត្រូវបាន​ច្រានចោល។ គ្មាន​កីឡាករ​ណា​ម្នាក់​ទាក់ទិន​ឡើយ»។ កីឡាករ​ជាច្រើន​អាច​នឹង​ចាក​ចេញពី​កីឡដ្ឋាន Emirates នៅ​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​បណ្តាញសារព័ត៌មាន​ចក្រភព​អង់គ្លេស​បានចេញ​ផ្សាយ​ថា ការព្រមព្រៀង​គ្នា​មួយ​ត្រូវបាន​ឈានដល់​ជាមួយនឹង​ក្លិប Chelsea ជុំវិញ​ការផ្ទេរ Alex Oxlade-Chamberlain។

សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​នេះ មិនបាន​បង្ខំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ចិត្ត​របស់ Arsenal ឡើយ។ Arsenal ប្តេជ្ញាចិត្ត​ថា នឹង​រក្សាទុក Sanchez រហូតដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់គេ ទោះបី​កីឡាករ​រូបនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា រូបគេ​នឹងមិន​បន្ត​កុងត្រា​ថ្មី​ក៏ដោយ ហេតុនេះ Sanchez នឹងត្រូវ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន នៅ​រដូវក្តៅ​ក្រោយ៕

ប្រភពពី៖ Reuters

Advertisement