កីឡាការិនី​ស្នូកឃ័រឆ្នើម​របស់​ កម្ពុជា ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់​អន្តរជាតិ Blue One Resort LPBA Championship

បន្ទាប់ពី​យកឈ្នះ​លើ​កីឡាការិនី​ម្ចាស់ផ្ទះ Kim Gayoung ដោយ​លទ្ធផល 3-1សិត នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ការប្រកួត​កីឡា​ស្នូកឃ័រ ដណ្ដើម​ពានរង្វាន់ Blue One Resort LPBA Championship (ផ្នែក​នារី) នៅ​សាធារណរដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​របស់ កម្ពុជា លោកស្រី ស្រួ​ង ភា​វី បាន​ក្លាយជា​ជើងឯក​លើកដំបូង នៅ​ថ្ងៃទី20 ខែមិថុនា ឆ្នាំ2021។

«ការប្រកួត​នេះ បាន​ធ្វើឡើង​រយៈពេល 8ថ្ងៃ ចាប់ពី​ថ្ងៃទី14 រហូតដល់​ថ្ងៃទី21 ខែមិថុនា ឆ្នាំ2021» នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ស្រួ​ង ភា​វី

។ លោកស្រី​បន្ថែមថា នេះ​ជា​លើកដំបូង​ហើយ ដែល​លោកស្រី​បាន​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​នេះ បន្ទាប់ពី​បាន​ចុះកិច្ចសន្យា​ប្រកួត​តំណាងឱ្យ​ក្រុមហ៊ុន Blue One Resort រយៈពេល 1ឆ្នាំ។

លោក​ស្រី ស្រួង​ ភាវី

លោកស្រី​បន្តថា កីឡាការិនី​ដែល​បាន​ចូលរួម​ការប្រកួត​ខាងលើ មាន​ចំនួន 64នាក់ ដែល​សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​កម្រិត​ពិភពលោក។ មុនពេល​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ លោកស្រី ភា​វី បាន​ឆ្លងកាត់​ការប្រកួត​ជាច្រើន​វគ្គ។ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ លោកស្រី ភា​វី ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ Kim Gayoung។ ដំបូង​ឡើយ Kim Gayoung នាំមុខ 11-7ពិន្ទុ នៅ​សិត​ទីមួយ ប៉ុន្តែ ក្រោយមក​ក៏ត្រូវ​លោកស្រី ភា​វី យកឈ្នះ 3សិត​ជាប់​គ្នា ដោយ​ពិន្ទុ 11-4, 11-10 និង 11-9។ លទ្ធផល​នេះ បាន​ជួយ​ឱ្យ​លោកស្រី ស្រួ​ង ភា​វី ក្លាយជា​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship។

ការដណ្ដើម​បាន​ជើងឯក​ពានរង្វាន់​នេះ កីឡាការិនី ស្រួ​ង ភា​វី បានទទួល​ប្រាក់រង្វាន់​ចំនួន 20លាន​វ៉ុ​ន ដែល​ប្រហាក់ប្រហែល​នឹង 17,579ដុល្លារ​អាមេរិក។ លោកស្រី ភា​វី ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា «នារី​ខ្លាំង» នៅ​កូរ៉េខាងត្បូង ផងដែរ៕

Advertisement