Barcelona ច្បាស់​ថា នឹង​បន្ត​កុងត្រា​ថ្មី​ឱ្យ Messi តែ នៅតែ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ

Lionel Messi កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កៀក​នឹង​ថ្ងៃ ដែល​ត្រូវ​ដើរ​ចេញពី​ក្លិប Barcelona ទៅហើយ ព្រោះថា កុងត្រា​របស់គេ​នឹង​ផុត​ជា​ស្ថាពរ​នៅ​ថ្ងៃទី31 ខែមិថុនា ឆ្នាំ​នេះហើយ។ ការ​ផុត​កុងត្រា​នេះ នឹងធ្វើ​ឱ្យគេ​មាន​សិទ្ធិ ក្នុងការ​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​ផ្សេងទៀត​ណាមួយ​ក៏បាន  ដោយ​មិនមាន​តម្លៃ​ខ្លួន ។

មកទល់នឹង​ពេលនេះ នៅសល់​ប្រមាណ​ជា 10ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ភាគី​ទាំងសងខាង ទាំង​ក្លិប Barcelona និង Messi នៅ​មិនទាន់បាន​បញ្ជាក់​អំពី​កុងត្រា​ថ្មី​នៅឡើយ​ទេ តែ​ក្លិប​ក៏បាន​បញ្ជាក់ដែរថា ក្លិប​នឹង​ខិតខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បន្ត​កុងត្រា ហើយនឹង​ធ្វើឱ្យ​កីឡាករ​ល្អ​បំផុត​របស់​ក្លិប​រូបនេះ បញ្ចប់​អាជីព​នៅទីនេះ​តែម្តង(មិនឱ្យ​ទៅណា​ឡើយ)។

គួរឱ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​លោក Laporta ចូលកាន់​តំណែង​ប្រធាន​ក្លិប​មក លោក​បានធ្វើ​គ្រប់យ៉ាង ដើម្បី​អាច​បន្ដ​កុងត្រា​ថ្មី​ឱ្យ Messi។ រហូតដល់​ប៉ុន្មាន​សប្ដាហ៍​មុននេះ បាន​ធ្លាយ​ដំណឹង​ឡើង​ថា ប្រធាន​ក្រុម​រូបនេះ បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​ហើយ ដោយមាន​រយៈពេល​ដល់​ទៅ 2ឆ្នាំ​ឯណោះ និង​រង់ចាំតែ​ថ្ងៃ​ចុះហត្ថលេខា​ប៉ុណ្ណោះ៕

Advertisement