ម្ចាស់ផ្ទះ​អូឡាំពិក មិន​អនុញ្ញាត ឱ្យមាន​ទស្សនិកជន ចូលរួម​ទស្សនា​ផ្ទាល់ ជាដាច់ខាត

ដោយសារ​ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-19 រដ្ឋាភិបាល​ជប៉ុន ដែលជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ បានសម្រេច​ចិត្ត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដោយបាន​ប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ ក្នុង​ភាពអាសន្ន​សាជាថ្មី ក្នុងអំឡុងពេល​នៃ​ការប្រកួត​កីឡា​អូឡាំពិក​តែម្តង។

ព្រឹត្តិការណ៍​មហា​កីឡា​អូឡាំពិក ឆ្នាំ2020 ដែល​ត្រូវបាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ2021 ចាប់ពី​ថ្ងៃទី23 ខែកក្កដា រហូតដល់​ថ្ងៃទី8 សីហា ឆ្នាំ2021នេះ នឹងត្រូវ​ស្វាគមន៍​អត្ត​ព​លិ​ក​ច្រើនជាង 1ម៉ឺន​នាក់ ដោយមាន​វិញ្ញាសា​ប្រកួត​ដល់​ទៅ 339វិញ្ញាសា ក្នុង​ប្រភេទ​កីឡាករ​ទាំង33 ដែល​ត្រូវ​ដាក់ឱ្យ​ប្រកួត។

ការដាក់​ទីក្រុង ក្នុង​ភាពអាសន្ន​ជាថ្មី​ម្ដងទៀត​របស់​ជប៉ុន​លើក​នេះ ថ្វីបើ​មិន​តឹងតែង​ខ្លាំង​ដូច​បណ្តា​ប្រទេស​ដទៃ នៅលើ​ពិភពលោក ដោយមាន​ត្រឹមតែ​ការណែនាំ ឱ្យ​ហាង​លក់​នានា ត្រូវ​ឆាប់​បិទ​ការបម្រើ​សេវាកម្ម​ក្ដី ប៉ុន្តែ​គណៈកម្មការ​រៀបចំ​កម្ម​វិធី​ប្រក​កួត​កីឡា​អូឡាំពិក ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក​មួយទៀត ដោយ​ការប្រកួត​ត្រូវ​ប្រព្រឹត្ត​ដោយ​ការបិទទ្វារ គ្មាន​ទស្សនិកជន​ឱ្យចូល​រួម​ឡើយ មិនមែន​ឱ្យចូល​ពាក់កណ្តាល ដូច​សេចក្តីសម្រេច​កាលពី​ខែមិថុនា ឆ្នាំ2021នោះទេ៕

Advertisement