AC Milan ទិញ​បាន​ខ្សែប្រយុទ្ធ​ជួរមុខ​ជម្រើសជាតិ​បារាំង ក្នុងតម្លៃ​ត្រឹមតែ 1 លាន​ផោន

កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង ខ្សែប្រយុទ្ធ Oliver Giroud វ័យ 34 ឆ្នាំ បាន​ផ្ទេរ​ពី Chelsea ទៅកាន់​ក្លិប AC Milan ក្នុងតម្លៃ​ត្រឹម 1 លាន​ផោន​ប៉ុណ្ណោះ ក្រោយពី​ចំណាយពេល​ចំនួន 3 រដូវ​ជាមួយ​ក្រុម​តោ​ខៀវ និង​ឈ្នះ​ពាន​មួយចំនួន​ដូចជា Europa League និង Champions League ជាដើម ។ ដោយពេល​នេះ គេ​បានមក​ដល់ទី​ក្រុង Milan ប្រទេស​អ៊ីតាលី​ហើយ ដើម្បី​ពិនិត្យ​សុខភាព និង​ត្រៀម​ចុះ​កុងត្រា​ជា​ផ្លូវការ ។

ចំពោះ​រយៈពេល​នៃ​កុងត្រា​ថ្មី​នេះ គឺមាន​សុពលភាព 2 ឆ្នាំ រហូតដល់ ខែមិថុនា ឆ្នាំ 2023 តែ​តម្លៃ​ពលកម្ម​ត្រូវ​ក្លិប​បិទ​ជិត មិន​បង្ហាញ​ជា​ផ្លូ​រការ​ឡើយ ។ ជាទូទៅ កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ផ្ទេរ​ទាប ហើយ​ល្អ​ខ្លាំង​បែបនេះ ត្រូវបាន​គេ​ដឹងថា នឹង​ទទួលបាន​តម្លៃ​ពលកម្ម​កប់​ពពក ។

គួរឱ្យ​ដឹង​ដែរ​ថា Oliver Giroud ជា​កីឡាករ​ជម្រើសជាតិ​បារាំង ដ៏​ល្បី​មួយរូប ដែល​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ជម្រើសជាតិ​ដល់​ទៅ 110 ប្រកួត រកបាន 46 គ្រាប់ ។ ទោះបីជា​បច្ចុប្បន្ន​មាន​វ័យ​ដល់​ទៅ 34 ឆ្នាំ​ក្តី តែ​គេ​នៅតែ​ជា​ជម្រើស​ដំបូង ក្នុង​ជម្រើសជាតិ​បារាំង ៕

Advertisement