រលក​ការឆ្លង​លើក​ទី2 របស់​កូ​វីដ-19 ធ្វើឱ្យ​លី​គ​កំពូល​វៀតណាម ពន្យារពេល​រយៈពេល​យូរ

លី​គ​កំពូល​វៀតណាម ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ក្រោយពី​លេង​បាន​ត្រឹម​ពាក់កណ្តាល​ទី បន្ទាប់ពី​រលក​ទី2 នៃ​ការ​រាលដាល​របស់​ជំងឺ​កូ​វីដ-19 បាន​វាយប្រហារ​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយនេះ​យ៉ាងខ្លាំង​ក្លា ធ្វើឱ្យមាន​អ្នក​ឆ្លង​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ។

ជុំវិញ​លទ្ធភាព​នៃ​វិលត្រឡប់​មកវិញ លី​គ​កំពូល​វៀតណាម ឬ V-League បានប្រកាស​អំពី​កាលបរិច្ឆេទ​ហើយ គឺ​នឹង​បន្តធ្វើ​ការប្រកួត​ជាថ្មី​ឡើងវិញ នៅ​ខែកុម្ភៈ ឆ្នាំ2022ឯណោះ។ ការពន្យារពេល​យូរ​បែបនេះ គឺ​ដើម្បីឱ្យ​រលក​នៃ​ការឆ្លង​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​ធូរស្បើយ​បន្តិច និង​ណាមួយ គឺ​ដើម្បីឱ្យ​សហព័ន្ធ​យក​ពេលនេះ ប្រមូលផ្តុំ​ផ្តោតទៅលើ​ក្រុម​ជម្រើសជាតិ និង​ឈុត​ស៊ី​ហ្គេម​ផង។

គួរឱ្យ​ដឹង​ដែរ​ថា លី​គ​កំពូល​វៀតណាម មាន​ក្រុម​ចូលរួម​ទាំងអស់ 14ក្រុម ដោយ 2ក្រុម​កំពូល​តារាង នឹង​ទទួលបាន​កៅអី​ទៅ AFC Champions League និង AFC CUP តែ​យ៉ាងណាក្ដី រូបមន្ត​ប្រកួត រដូវ​កាល​នេះ វៀតណាម​បាន​បែងចែក​តារាង​ចំណាត់ថ្នាក់​ជា2 ដូច​រដូវ​កាល​មុន​ដែរ ដើម្បី​ចំណេញ​ពេលវេលា ដោយ​ប្រកួត​ចប់​ជើង​ទី1 ក្រុម​កំពូល​ទាំង6 នឹង​ប្រកួត​ដណ្តើម​ចំណាត់​កំពូល ចំណែកឯ 8ក្រុម ក្រោមៗមកទៀត នឹងត្រូវ​ប្រជែង​ឱ្យ​ផុតពី​តំបន់​កាត់ចេញ៕

Advertisement