Olympic Tokyo 2020 បើក​ជា​ផ្លូវការ​នៅថ្ងៃនេះ (23/7)

ម៉ោង 18 ព្រលប់ នៃ ថ្ងៃទី 23 កក្កដា ឆ្នាំ 2021 (ម៉ោង​នៅ​កម្ពុជា) ពិធី​បើក​ការប្រកួត​កីឡា Olympic Tokyo 2020 នឹងត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ​នៅ​កីឡដ្ឋាន​ជាតិ​តូ​ខ្យូ ដែល​ស្ថិតក្នុង​រាជធានី​តូ​ខ្យូ នៃ​ប្រទេស ជប៉ុន។

ក្រោយ​រយៈពេល​ជាច្រើន​ថ្ងៃ​ដែល​បាន​រង់ចាំ ចុងក្រោយ Olympic Tokyo 2020 ក៏​នឹងត្រូវ​បើក​ជា​ផ្លូវការ​នៅ​ម៉ោង 18 នៃ​ថ្ងៃទី 23 ខែកក្កដា ម៉ោង​នៅ​ភ្នំពេញ។ មុនពេល​ពិធី​បើក​ការប្រកួត​ជា​ផ្លូវការ​នេះ កីឡា​ចំនួន 4 ប្រភេទ ត្រូវបាន​បើក​ការប្រកួត ក្នុងនោះ​មាន កីឡាបាល់ទាត់ បាល់​ទន់ (Softball) បាញ់​ធ្នូ និង ចែវ​ទូក (rowing)។

ដំបូង​ឡើយ Olympic Tokyo 2020 គ្រោង​បើក​នៅក្នុង​ឆ្នាំ 2020 ប៉ុន្តែ ត្រូវ​ពន្យារពេល 1 ឆ្នាំ ដោយសារ COVID-19។ បច្ចុប្បន្ន រោគរាតត្បាត​នេះ ក៏​កំពុងតែ​បង្ក​ភាពស្មុគស្មាញ​នៅ​ប្រទេស ជប៉ុន ប៉ុន្តែ គណៈកម្មការ Olympic Tokyo 2020 នៅតែ​សម្រេច​ឱ្យ​ប្រារព្ធ​ព្រឹត្តិការណ៍​អូឡាំពិក​លើក​ទី 32 នេះ ក្នុង​លក្ខខណ្ឌ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​យ៉ាង​តឹងរ៉ឹង។

ព្រោះតែ COVID-19 កម្មវិធី​មួយចំនួន​នៃ​គម្រោង​បើក​ព្រឹត្តិការណ៍​កីឡា Olympic Tokyo 2020 ក៏​ត្រូវបាន​កាត់ចោល ធៀប​នឹង​គម្រោង​ដំបូង។ ប៉ុន្តែ ការហែក្បួន​របស់​ក្រុម​កីឡាករ​នានា និង​ការអុជ​ភ្លើង​គប់ នៅតែ​ត្រូវធ្វើឡើង​ដូច​ធម្មតា។

តាម​ផែនការ មហាក្សត្រ​ជប៉ុន Naruhito នឹង​ជា​អ្នក​ប្រកាស​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក (Olympic Tokyo 2020) លើក​នេះ។ ពិធី​បើក​ការប្រកួត​កីឡា​អូឡាំពិក ឆ្នាំនេះ នឹងមាន​វត្តមាន​រប​ស់មេ​ដឹកនាំ​ប្រទេស និង​ដែនដី​ចំនួន 15 ក្នុងនោះ​ក៏មាន​ប្រធានាធិបតី​បារាំង Emmanuel Macron និង​ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden លោកស្រី Jill Biden ។ល។

ប្រភព​៖ CNN
ប្រែសម្រួល​៖ បុត្រា

Advertisement