អត្ត​ព​លិ​កនៅ​អាស៊ីអាគ្នេយ៍ ទទួលបាន 1 លាន​ដុល្លារ​អាមេរិក ក្រោយ​ដណ្ដើមបាន​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ

Hidilyn Diaz ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​កីឡា​របស់​ប្រទេស ហ្វីលីពីន ក្រោយពី​បាន​ជួយ​ឱ្យ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ ដណ្ដើមបាន​មេដាយមាស​ជា​លើកដំបូង នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក។

Hidilyn Diaz បាន​ក្លាយជា​នារី​អត្ត​ព​លិ​ក​ផ្នែក​លើក​ទម្ងន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហ្វីលីពីន នៅពេល​នាង​ដណ្ដើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​លើក​ទម្ងន់ ប្រភេទ 55 គីឡូក្រាម។ នេះ​គឺជា​មេដាយមាស​ដំបូង​របស់​ក្រុម​អត្ត​ព​លិ​ក ហ្វីលីពីន នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​លើក​នេះ។

បន្ទាប់ពី​ដណ្ដើមបាន​ជ័យជំនះ​ជូន​ប្រទេសជាតិ Hidilyn Diaz ទទួលបាន​ការផ្ដល់រ​ង្វាន់​ដ៏​ធំ នាំឱ្យ​នាង​ក្លាយជា​សេដ្ឋិនី​មួយ​រំពេច។ ជាក់ស្ដែង ក្រៅពី​ប្រាក់រង្វាន់​គោល​ចំនួន 10 លាន​ប៉េ​សូ (ស្មើនឹង 200,900 ដុល្លារ​អាមេរិក) សម្រាប់​មេដាយមាស​មួយគ្រឿង Hidilyn Diaz ក៏​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​ជាង 40 លាន​ប៉េ​សូ (ស្មើនឹង 803,700 ដុល្លារ​អាមេរិក) ពី​បណ្ដា​ក្រុមហ៊ុន និង​ក្រុមមន្ត្រី ហ្វីលីពីន ផងដែរ។ ទឹកប្រាក់​សរុប ដែល​នារី​អត្ត​ព​លិ​ក​រូបនេះ​ទទួលបាន ស្មើនឹង 1,004,000 ដុល្លារ​អាមេរិក។

ក្រៅពី​ទឹកប្រាក់​សុទ្ធ Diaz ក៏​ទទួលបាន​ផ្ទះល្វែង​មួយ​ខ្នង​ស្ថិតនៅក្នុង​តំបន់​លំដាប់​ប្រណិត​មួយកន្លែង ផ្ទះ​សម្រាប់​លំហែកាយ​មួយ​ខ្នង​នៅ​ភាគខាងត្បូង​រដ្ឋធានី ម៉ានីល រថយន្ត​ថ្មី​មួយគ្រឿង រួម​នឹង​ការចាក់​សាំង​ដោយ​មិន​គិតថ្លៃ ការធ្វើដំណើរ​តាម​យន្តហោះ​ពាណិជ្ជកម្ម​ដោយ​មិន​គិតថ្លៃ​ពេញ​មួយជីវិត​ទៀតផង។

ទោះបី​ផ្ដល់​រង្វាន់​យ៉ាងច្រើន​សន្ធឹក​ដល់​អត្ត​ព​លិ​ក​ដែល​ដណ្ដើមបាន​មេដាយមាស ប៉ុន្តែ ហ្វីលីពីន មិនមែនជា​ប្រទេស​ដែល​ផ្ដល់​រង្វាន់​ច្រើនជាងគេ​នោះទេ។ យោងតាម Forbes សិង្ហ​បុរី ទើប​ជា​ប្រទេស​ដែល​ផ្ដល់​រង្វាន់​គោល​ច្រើនជាងគេ ក្នុងនោះ រង្វាន់ 738,000 ដុល្លារ​អាមេរិក សម្រាប់​អត្ត​ព​លិ​ក​ដណ្ដើមបាន​មេដាយមាស, 370,500 ដុល្លារ សម្រាប់​មេដាយប្រាក់ និង 185,300 ដុល្លារ សម្រាប់​មេដាយ​សំរឹទ្ធ។

ឈរ​បន្ទាប់ពី សិង្ហ​បុរី គឺ តៃវ៉ាន់ ដោយ​ផ្ដល់​រង្វាន់​សម្រាប់​មេដាយមាស ចំនួន 716,000 ដុល្លារ​អាមេរិក រីឯ​លំដាប់​ទី​បី​គឺ ប្រទេស ឥណ្ឌូនេស៊ី​ដោយ​ផ្ដល់ 346,000 ដុល្លារ​អាមេរិក សម្រាប់​មេដាយមាស៕

Advertisement