ជើងឯក​អូឡាំពិក​របស់​ ឥណ្ឌា ទទួល​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ

Neeraj Chopra ដែល​ដណ្ដើមបាន​មេដាយមាស នៅក្នុង​ការប្រកួត​វិញ្ញាសារ​ចោល​លំពែង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិត​តូ​ខ្យូ ទទួលបាន​ការសន្យា​ផ្ដល់​រង្វាន់​ជាង 2 លាន​ដុល្លារ​អាមេរិក ពី​សំណាក់​បណ្ដា​ក្រុមហ៊ុន និង​អាជ្ញាធរ​ឥណ្ឌា។

អត្ត​ព​លិ​កវ័យ 23 ឆ្នាំ ឈ្មោះ Neeraj Chopra បាន​យកឈ្នះ​លើ​អត្ត​ព​លិ​ក​នានា នៅក្នុង​ការប្រកួត​វិញ្ញាសារ​ចោល​លំពែង ដោយ​ចោល​បាន​ចម្ងាយ 87.58 ម៉ែត្រ នៅលើ​ទីលាន​ប្រកួត​កីឡា​អូឡាំពិក​តូ​ខ្យូ កាលពី​ថ្ងៃទី 07 សីហា។ ជ័យជំនះ​នេះ បាន​នាំមក​នូវ​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ​ជូន​ដល់​ប្រទេស​ឥណ្ឌា។ នេះ​គឺជា​មេដាយមាស​អូឡាំពិក​ដំបូង​របស់ Chopra ហើយក៏​ជា​មេដាយមាស​អត្តពលកម្ម​ដំបូង​របស់ ឥណ្ឌា នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទាំងឡាយ​ដែល​ប្រទេស​នេះ​បាន​ចូលរួម។

Chopra កំពុង​នាំមុខ​អត្ត​ព​លិ​ក​អូឡាំពិក​ដែល​ជោគជ័យ​បំផុត​របស់ ឥណ្ឌា តាំង​ពីមុន​រហូតដល់​បច្ចុប្បន្ន ដោយ​ដណ្ដើមបាន​មេដាយមាស​ចំនួន 1, មេដាយប្រាក់​ចំនួន 2 និង​មេដាយ​សំរឹទ្ធ​ចំនួន 4។

អាជ្ញាធរ​រដ្ឋ Haryana ដែលជា​ស្រុកកំណើត​របស់ Chopra បានឱ្យដឹងថា ពួកគេ​នឹង​ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន 60 លាន​រ៉ូ​ពី​ឥណ្ឌា (800,000 ដុល្លារ​អាមេរិក)។ បណ្ដា​រដ្ឋផ្សេងៗ ក៏បាន​ស្នើ​ផ្ដល់​រង្វាន់​បន្ថែម 400,000 ដុល្លារ ខណៈ​ក្រុមហ៊ុន​វិស័យ​អប់រំ​ដ៏​ធំ​មួយ​នៅ ឥណ្ឌា ក៏បាន​សន្យា​ផ្ដល់ប្រាក់​រង្វាន់​ចំនួន 270,000 ដុល្លារ​ផងដែរ។

ក្រុមប្រឹក្សា cricket ឥណ្ឌា (BCCI) និង​ក្រុម Chennai Super Kings ក៏បាន​សន្យា​ផ្ដល់​រង្វាន់ 135,000 ដុល្លារ សម្រាប់​អត្ត​ព​លិ​ក​ដែល​ដណ្ដើមបាន​មេដាយ ហើយ Chopra ក៏​នឹង​ទទួលបាន 100,000 ដុល្លារ​ពី​សមាគម​អូឡាំពិក ឥណ្ឌា (IOA) ផងដែរ។

ចំណែក​បណ្ដា​ក្រុម​ហ៊ុ​ង​ដទៃទៀត ក៏​ផ្ដល់​រង្វាន់​ឱ្យ Chopra តាមរយៈ​ការមិន​យក​ថ្លៃ​សំបុត្រ​យន្តហោះ ការផ្ដល់​រង្វាន់​ជា​រថយន្ត​ទំនើប និង​ប្រាក់សុទ្ធ។ល។ ប្រាក់រង្វាន់​ជា​សរុប​របស់ Chopra បច្ចុប្បន្ន​បាន​កើន​ដល់​ជាង 2 លាន​ដុល្លារ​អាមេរិក ហើយ​តួលេខ​នេះ​នឹង​នៅតែ​កើនឡើង មុនពេល Chopra ត្រលប់មក​ប្រទេស​វិញ។

រាក់​អត្ត​ព​លិ​ក​ដែល​ដណ្ដើមបាន​មេដាយ សុទ្ធតែ​អាច​ទទួលបាន​ប្រាក់រង្វាន់​យ៉ាងច្រើន នៅពេល​ត្រលប់មក​ប្រទេស។ IOA ផ្ដល់​រង្វាន់ 53,000 ដុល្លារ​សម្រាប់​មេដាយប្រាក់ និង 33,500 ដុល្លារ សម្រាប់​មេដាយ​សំរឹទ្ធ។

ឥណ្ឌា ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ដែល​ផ្ដល់​រង្វាន់​ច្រើនជាងគេ​ដល់​បណ្ដា​អត្ត​ព​លិ​ក​ដែល​ដណ្ដើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​អូឡាំពិក 2021 នៅ ជប៉ុន បើ​ទោះ សិង្ហ​បុរី កន្លងមក​ក៏​ធ្លាប់​នាំមុខគេ​លើ​រឿងនេះ ដោយ​ផ្ដល់​រង្វាន់​ជាង 700,000 ដុល្លារ​សម្រាប់​មេដាយមាស៕

Advertisement