តាលីបង់ អនុញ្ញាតឱ្យប្រកួតកីឡាបាល់ដំបង (Cricket) លក្ខណៈអន្តរជាតិ

តា​លី​បង់ អនុញ្ញាតឱ្យ​ក្រុម​បាល់​ដំបង​គ្រី​ឃី​ត របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ប្រកួត​លើកដំបូង ចាប់តាំងពី​ខ្លួន​បាន​ចូល​គ្រប់គ្រង​ប្រទេស ធ្វើឱ្យ​សាធារណមតិ​សង្ឃឹមថា ការប្រកួត​លក្ខណៈ​អន្តរជាតិ​នឹងត្រូវ​បានធ្វើ​ឡើងជា​ធម្មតា។

«យើង​ទទួលបាន​ការអនុញ្ញាត​ដើម្បី​នាំ​ក្រុម​ជម្រើសជាតិ​ទៅកាន់ អូស្ត្រាលី» ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​បាល់​ដំបង (Cricket) អា​ហ្វ​ហ្គា​នី​ស្ថាន Hamid Shinwari និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី 1 កញ្ញា។

ក្នុងអំឡុង​កាន់អំណាច​ចាប់ពី​ឆ្នាំ 1996 ដល់ 2001 តា​លី​បង់ បាន​ហាម​មិន​ឱ្យមាន​រូបភាព​កំសាន្ត​ស្ទើរតែ​ទាំងអស់ ក្នុងនោះ​រួមមាន​ទាំង​កីឡា​ជាច្រើន​ប្រភេទ​ផងដែរ ចំណែក​ពហុ​កីឡដ្ឋាន​វិញ ក៏​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​សម្រាប់​ប្រហារជីវិត​ជា​សាធារណៈ។ ប៉ុន្តែ តា​លី​បង់ កាលណោះ​ក៏​មិនបាន​ហាម​កីឡា​បាល់​ដំបង​នេះ នោះទេ ព្រោះថា វា​ត្រូវបាន​ទាហាន តា​លី​បង់ ចូលចិត្ត។

ក្រោយពី​បាន​កាន់កាប់​ប្រទេស​ចាប់ពី​ថ្ងៃទី 15 សីហា ឆ្នាំ 2021 តា​លី​បង់ បាន​សន្យាថា នឹង​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​ច្បាប់​អ៊ីស្លាម ដែល​មិន​តឹងរ៉ឹង​ដូច​មុន។ ការប្រកួត​បាល់​ដំបង នឹងត្រូវ​បានធ្វើ​ឡើង​នៅ Hobart ជាទី​ក្រុង​មួយ​នៃ​រដ្ឋ Tasmania របស់ អូស្ត្រាលី ចាប់ពី​ថ្ងៃទី 27 វិច្ឆិកា ដល់ 1 ធ្នូ។ នេះ​នឹង​ជាការ​ប្រកួត​លើកដំបូង​របស់​ក្រុមកីឡា​បាល់​ដំបង របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ប្រទេស អូស្ត្រាលី។

Rashid Khan (ស្ដាំ) តារា​បាល់​គ្រីឃីត​ របស់​ អាហ្វហ្គានីស្ថាន

មុនពេល​ទៅ​ប្រកួត​នៅ អូស្ត្រាលី ក្រុមកីឡា​ករគ្រី​ឃី​ត អា​ហ្វ​ហ្គា​នី​ស្ថាន នឹងត្រូវ​ទៅ​ចូលរួម​ប្រកួត​នៅ T20 World Cup នៅ អារ៉ាប់​រួម ចាប់ពី​ថ្ងៃទី 17 តុលា ដល់ 15 វិច្ឆិកា។ Shinwari បញ្ជាក់ថា ក្រុមកីឡា​ករគ្រី​ឃី​ត វ័យ​ក្រោម 19 ឆ្នាំ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​ប្រកួត​នៅ បង់​ក្លា​ដែ​ស នៅ​ចុងខែ​នេះ​ផងដែរ។

ចាប់តាំងពី សហរដ្ឋអាមេរិក និង NATO ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ចុងខែ​មុន សាធារណជន​មានការ​ព្រួយបារម្ភ​ថា កីឡា​បាល់​ដំបង និង​កីឡា​ច្រើន​ប្រភេទ​ទៀត នឹងត្រូវ​រង​ផលប៉ះពាល់។ ប៉ុន្តែ ក្រុមមន្ត្រី​នៃ​ក្រុមប្រឹក្សា​គ្រី​ឃី​ត អា​ហ្វ​ហ្គា​នី​ស្ថាន អះអាងថា កីឡា​នេះ​នឹងត្រូវ​បាន តា​លី​បង់ គាំទ្រ។

គ្រី​ឃី​ត (Cricket) ហាក់​មិន​ត្រូវបាន​គេ​ស្គាល់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នោះទេ រហូតដល់​ដើមឆ្នាំ 2000 វា​ត្រូវបាន​គេ​និយម​ចូលចិត្ត ព្រោះតែ​សង្គ្រាម។ កីឡា​នេះ​ត្រូវបាន​ជនភៀសខ្លួន អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ប៉ា​គី​ស្ថាន ទទួលយក ហើយ​ក្រោយមក​ក៏ត្រូវ​បាន​នាំ​ចូលមក​ស្រុកកំណើត​របស់​ពួកគេ។

ក្រុម​ជម្រើសជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ដណ្ដើមបាន​ពាន​ជើងឯក​ពិភពលោក ឆ្នាំ 2017 ហើយ​បច្ចុប្បន្ន ក្រុម​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតក្នុង​ចំណោម​ក្រុម​បាល់​ដំបង​ទាំង 10 ដែល​ខ្លាំងជាងគេ​ក្នុង​ពិភពលោក៕

Advertisement