ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ថា «ធ្វើ​ឱ្យ​ក្លឹប​បាល់​ទាត់​ Saint​-​​Etienne ​ត្រលប់​ទៅ​កាន់​សម័យ​​អស្ចារ្យ​របស់​វា»​ គឺ​ជា​មហិច្ឆតា​របស់​ទ្រង់​

សារព័ត៌មាន បារាំង បាន​រាយការណ៍​ថា «រាជទាយាទ​របស់ កម្ពុជា» មានបំណង​ទិញ​ក្លឹប​បាល់ទាត់ Saint Etienne ក្នុងតម្លៃ 117 លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ ក្រសួង​ព្រះ​បរម​រាជ​រាំង អះអាងថា កម្ពុជា មិនមាន​រាជទាយាទ​នោះទេ។

កាសែត​ជាច្រើន​របស់ បារាំង កាលពី​ថ្ងៃទី 18 កញ្ញា ដកស្រង់​ប្រភពព័ត៌មាន​ពី​ទីភ្នាក់ងារសារព័ត៌មាន Le Parisien ដែល​បាន​ចុះផ្សាយ​ដំណឹង​ដែល​ទាក់ទង​នឹង «រាជទាយាទ កម្ពុជា» ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ មានបំណង​ទិញ​ក្លឹប​បាល់ទាត់ Saint Etienne ក្នុងតម្លៃ 100 លាន​អឺរ៉ូ (ជាង 117 លាន​ដុល្លារ​អាម៉េរិក)។ ប៉ុន្តែ គណៈ​គ្រប់គ្រង​របស់​ក្លឹប មិនទាន់​ឆ្លើយតប​នឹង​សំណើ​នេះ​នៅឡើយ។

ការចរចា​អាច​ត្រូវបាន​ចាប់ផ្ដើមឆាប់ៗខាងមុខ ដោយសារ​ក្លឹប​បាល់ទាត់ Saint Etienne កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ។ នេះ​បើតាម​សារព័ត៌មាន បារាំង។

គ្រូបង្វឹក​ Claude Puel របស់​ក្លឹប​ Saint-Etienne

«រាជទាយាទ (ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ) គឺជា​មនុស្ស​ដែល​ចូលចិត្ត​បាល់ទាត់ និង​ត្រូវបាន​គេ​ជឿថា កំពុងមាន​បំណង​បន្ត​ទំនាក់ទំនង​យូរអង្វែង​រវាង បារាំង និង កម្ពុជា ដោយ​ការគ្រប់គ្រង​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​បាល់ទាត់​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​បាល់ទាត់ នៅ​ប្រទេស​បារាំង» សារព័ត៌មាន French Football News ចុះផ្សាយ​ដូច្នេះ។

ក្រសួង​ព្រះ​បរម​រាជ​រាំង​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី 20 កញ្ញា បានឱ្យដឹងថា កម្ពុជា ពុំមាន​តំណែង «រាជទាយាទ» នោះទេ ដូច្នេះ មិន​មានរឿង​ដែលថា «រាជទាយាទ កម្ពុជា» ចង់​ទិញ​ក្លឹប​បាល់ទាត់​បារាំង នោះដែរ។

ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ ប្រសូត្រ​នៅ​ឆ្នាំ 1974 មាន​ព្រះបិតា​ព្រះនាម​សម្តេចព្រះ​មហិស្សរា នរោត្តម ចក្រពង្ស សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​មាន​ព្រះ​មាតា​នាម ហ៊ុន សឿន ដែលជា​អតីត​អ្នករបាំ​ព្រះ​រាជ្យទ្រព្យ។ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ ត្រូវជា​ព្រះ​ភាគិនេយ្យ(ក្មួយប្រុស) របស់ ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី និង​ត្រូវជា​ព្រះ​នត្តា(ចៅប្រុស) របស់ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​រប​ស់ កម្ពុជា៕

Advertisement