Ronaldo ចាប់ដៃ​ជាមួយ​មហាសេដ្ឋី សិង្ហ​បុរី បើកមុខ​ជំនួញ​ថ្មី​ស្ដីពី​បាល់ទាត់

គម្រោង​រកស៊ី​ដែល​ទាក់ទង​នឹង​បាល់ទាត់ និង​មានការ​ចូលរួម​ពី Ronaldo (CR7) របស់​មហាសេដ្ឋី​សិង្ហ​បុរី នឹង​ផ្ដល់​សេវាកម្ម​កំសាន្ត​តាម​អន​ឡាញ ជួយ​ឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធន៍​ថ្មី​នៅពេល​ចូលរួម​លេង​ហ្គេម​បាល់ទាត់។

កាលពីពេលថ្មីៗនេះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម Instagram ផ្ទាល់ខ្លួន កំពូល​តារាបាល់ទាត់ ជនជាតិ​ព័រទុយហ្កាល់​ លោក​ Cristiano Ronaldo បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​ការ​ចាប់ដៃ​រវាង​លោក និង​មហាសេដ្ឋី Peter Lim ដែលជា​ម្ចាស់​ក្លឹប​បាល់ទាត់ Valencia ដែល​បច្ចុប្បន្ន កំពុង​ចូលរួម​ប្រកួត​នៅ La Liga ជា​ពានរង្វាន់​លំដាប់​កំពូល​បំផុត​សម្រាប់​បណ្ដា​ក្រុមបាល់ទាត់​នៅ ប្រទេស​អេ​ស្ប៉ា​ញ។

អ្វីដែល​គួរឱ្យកត់សម្គាល់ នោះ​គឺ កំពូល​តារាបាល់ទាត់រ​បស់​ក្លឹប Manchester United រូបនេះ បាន​បង្ហោះ​រូបថត​ដែល​អម​នឹង​សារ «ដំណឹង​ល្អ​ជិត​មកដល់» ជាមួយនឹង hashtag #WritingTheFutureOfFootball ហើយ​មាន​ទាំង​តំណ​ភ្ជាប់​ទៅកាន់​គេហទំព័រ​របស់ ZujuGP។

ទស្សនាវដ្ដី Forbes ឱ្យដឹងថា ZujuGP គឺជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល សម្រាប់តែ​ពិភព​បាល់ទាត់ និង​ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី Peter Lim រួម​នឹង​កូនប្រុស​ឈ្មោះ Kait Lim ក្រោម​ការយល់ព្រម និង​សហការ​ពី Cristiano Ronaldo។

Cristiano Ronaldo និងមហាសេដ្ឋីសិង្ហបុរី លោក Peter Lim

ទាក់ទង​នឹង​កិច្ចសហការ​នេះ Ronaldo ឱ្យដឹងថា៖ «ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​សហការ​ជាមួយ ZujuGP ពិសេស​គឺ​មិត្ត​យូរ​ឆ្នាំ​របស់ខ្ញុំ Peter Lim។ ខ្ញុំ​បាន​ស្គាល់​គាត់​ច្រើន​ឆ្នាំ ហើយ​ការចូលរួម​ក្នុង​គម្រោង​នេះ ធ្វើឱ្យ​ខ្ញុំ​ពេញចិត្ត​ជាខ្លាំង។ ពិសេស កិច្ចសហការ​នេះ​បង្ហាញថា ជនជាតិ​នៅ​លោកខាងលិច និង​ខាងកើត ពិតជា​អាច​បង្ក​ភាព​សុខដុម​នឹង​គ្នា។ ប្រការនេះ​ធ្វើឱ្យ​ខ្ញុំ​មាន​មោទកភាព​ថែមទៀត»។

ក្រុមហ៊ុន ZujuGP បានឱ្យដឹងថា ពួកគេ​កំណត់​គោលដៅ​ធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​លើ​បទពិសោធន៍​លេង​ហ្កេ​ម​អន​ឡាញ​សម្រាប់​អ្នកគាំទ្រ ដោយ​ការផ្ដល់​ជម្រើស​ផ្នែក​កំសាន្ត បណ្ដាញ​ផ្ទាល់ខ្លួន និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នេះ​ក៏​នឹង​កសាង​បណ្ដាញ​សេវាកម្ម​អន​ឡាញ​មួយ​សម្រាប់​ភ្នាក់ងារ​ប្រមាញ់​កីឡាករ​របស់​ក្លឹប​នានា​ក្នុង​ពិភពលោក បណ្ដុះបណ្ដាល និង​ប្រឹក្សា​យោបល់​ដល់​អ្នកលេង តាមរយៈ​ប្រព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​បញ្ញា​សិប្បនិម្មិត (AI)។

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នៅ ប្រទេស​សិង្ហ​បុរី នេះ ចាត់ទុក ទ្វីបអាស៊ី ថា​ជា​អនាគត​របស់​ពិភព​បាល់ទាត់ បន្ទាប់ពី ទ្វីបអឺរ៉ុប និង ទ្វីប​អាម៉េរិក។ ពួកគេ​ឱ្យដឹងថា តំបន់​ដែលមាន​ប្រជាជន 60% នៃ​ប្រជាជន​សរុប​របស់​ពិភពលោក មានការ​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ដល់​កីឡាបាល់ទាត់។ ដូច្នេះ ចំនួន​អ្នកគាំទ្រ​នឹង​កើនឡើង​ពីមួយថ្ងៃ ទៅមួយថ្ងៃ ដែល​នេះ​នឹង​នាំមក​នូវ​ឱកាស​យ៉ាង​ធំធេង​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​ហ្គេម​អន​ឡាញ និង​សេវាកម្ម​នានា​ដែល​ជាប់ទាក់ទង​នឹង​ការប្រកួត​ពាន​ដណ្ដើម​រង្វាន់​បាល់ទាត់​លំដាប់កំពូលៗនៅលើ​ពិភពលោក។

បច្ចុប្បន្ន Cristiano Ronaldo កំពុងកាន់​កាប់​តំណែង​លេខ​មួយ​នៅលើ​បណ្ដាញ​សង្គម Instagram ដោយមាន​អ្នក​ចុះឈ្មោះ​តាមដាន​ជាង 357 លាន​នាក់។ អត្ថបទ​ដែល CR7 បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​នេះ ក៏​ទទួល​បានការ​ចុច​ចូលចិត្ត​ជាង 5.3 លាន​លើក រួម​នឹង​ការបញ្ចេញមតិ​ជិត 28,000 លើក។ ជាមួយនឹង​ភាពល្បីល្បាញ និង​ឥទ្ធិពល​ខ្លាំង​នៅក្នុង​វិស័យ​បាល់ទាត់​របស់ Ronaldo តាម​គម្រោង ក្រុមហ៊ុន ZujuGP អាច​សម្រេចបាន​គោលដៅ​ថ្មី​នាពេល​អនាគត។

ចំណែក​មហាសេដ្ឋី Peter Lim ដែលជា​កំពូល​អ្នកជំនួញ​ជនជាតិ​សិង្ហ​បុរី ក៏​ធ្លាប់ជា​កំពូល​អ្នក​គក់​ជេរ​ភាគហ៊ុន​នៃ​ប្រទេស​នេះ ហើយ​បច្ចុប្បន្ន លោក​កំពុង​វិនិយោគ​ក្នុង​វិស័យ​ជាច្រើន។ កាលពី​ឆ្នាំ 2019 ទស្សនាវដ្ដី Forbes ធ្លាប់​ចាត់​ឈ្មោះ​លោក​ទៅក្នុង​លំដាប់ថ្នាក់​ទី 10 នៃ​តារាង​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​នៅ សិង្ហ​បុរី ដោយមាន​ទ្រព្យ​ចំនួន 2.5 លាន​ដុល្លារ​អាម៉េរិក។ លោក Peter Lim ក៏​ជា​អ្នក​ក្ដោប​ក្ដាប់ Mint Media Sport ដែលជា​ក្រុមហ៊ុន​កាន់កាប់​សិទ្ធិ​គ្រប់គ្រង​រូបភាព​របស់ Cristiano Ronaldo ផងដែរ៕

Advertisement