SEA Games 31 ត្រូវបាន​ប្ដូរ​កាលបរិច្ឆេទ​ថ្មី ខណៈ ASEAN Para Games ឆ្នាំនេះ​ក៏ត្រូវ​លុបចោល

វៀតណាម បានសម្រេច​លើក​ព្រឹត្តិការណ៍ SEA Games 31 ទៅធ្វើ​នៅ​ត្រីមាស​ទី​ពីរ ឆ្នាំ 2022 ព្រមទាំង​សម្រេច​មិន​ប្រារព្ធ​ព្រឹត្តិការណ៍ ASEAN Para Games 11 ផងដែរ។

យោងតាម​ប្រភពព័ត៌មាន​ពី ប្រទេស​វៀតណាម SEA Games 31 នៅ​ប្រទេស​នេះ ត្រូវបាន​លើក​ទៅធ្វើ​នៅ​ត្រីមាស​ទី​ពីរ ឆ្នាំ 2022 ជំនួស​ឱ្យ​ការចាប់ផ្ដើម​នៅ​ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2021 ដោយសារតែ​បញ្ហា COVID-19។ យោងតាម​កាលបរិច្ឆេទ​ថ្មី ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍ SEA Games 31 នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ខែឧសភា ឆ្នាំ 2022។ ក្រៅពីនេះ វៀតណាម ក៏បាន​សម្រេច​មិន​ប្រារព្ធ​ព្រឹត្តិការណ៍ Paragames 11 ផងដែរ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ។

SEA Games 31 តាម​គម្រោង នឹងមាន​មនុស្ស​ចូលរួម​ប្រមាណ 20,000 នាក់ មកពី​ក្រុម​កីឡាករ​ចំនួន 11 ក្រុម នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្រុម​កីឡាករ​នឹង​ប្រកួតប្រជែង​នៅក្នុង​វិញ្ញាសារ​ចំនួន 40 នៅ ប្រទេស​វៀតណាម។

នេះ​គឺជា​លើក​ទី​ពីរ​ដែល ប្រទេស​វៀតណាម ទទួល​ប្រារព្ធ​ព្រឹត្តិការណ៍ SEA Games បន្ទាប់ពី​បានធ្វើ​ជា​ម្ចាស់ផ្ទះ​លើកទីមួយ​កាលពី​ឆ្នាំ 2003៕

Advertisement