ផ្លូវការ! ព្រឹត្តិ​ការប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​ 2029 នឹងត្រូវ​ធ្វើឡើង​នៅ កម្ពុជា

ជា​ផ្លូវការ កម្ពុជា ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី សម្រាប់​នា​ឆ្នាំ 2029 ដែល​នេះ​គឺជា​រាយការណ៍​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ដំណឹង​ជា​ផ្លូវការ​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​ទទួលយក​សិទ្ធិ​ជា​ផ្លូវការ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី 21 ខែវិច្ឆិកា ឆ្នាំ 2021។

ឯកឧត្តម ថោង ខុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្ពុជា (NOCC) និង​ក្នុងនាម​ជា​អ្នករៀបចំ​ការប្រកួត​កីឡា​យុវជន​អាស៊ី និង​ឯកឧត្តម ឃួ​ង ស្រេង ក្នុងនាម​ម្ចាស់ផ្ទះ រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​ជាមួយ​ប្រធានស្តីទី​នៃ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ដោយ​ទទួលបាន​ការអបអរ​សាទរ​ពី​បណ្តា​ប្រទេស​ទាំង 45 នៃ ទ្វីបអាស៊ី ដោយ​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ 2029។

គណៈប្រតិភូ​កីឡា​របស់ កម្ពុជា ដែល​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​អន្តរជាតិ នៅ ប្រទេស​អារ៉ាប់​រួម នេះ រួមមាន ប្រធាន​គណៈប្រតិភូ ឯកឧត្តម​បណ្ឌិត ថោង ខុន អមដំណើរ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ អគ្គនាយក​កីឡា​ដែលជា​តំណាង​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម វ៉ា​ត់ ចំរើន។ល។

Advertisement