(វីដេអូ)-បុរស​គ្មាន​ជើង រត់​ដោយ​ដៃ​លឿន​ជាងគេ​ក្នុង​ពិភពលោក កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ ប្រទេស​បារាំង

(សហរដ្ឋ​អាម៉េរិក)-Zion Clark ជា​មនុស្ស​កើតមក​ពុំមាន​ជើង បាន​បង្កើត​កំណត់ត្រា​ពិភពលោក Guinness ស្ដីពី​ការរត់​ដោយ​ដៃ​លឿន​ជាងគេ​ក្នុង​ពិ​ភ​លោក សម្រាប់​ចម្ងាយ ២០ ម៉ែត្រ។

លោក Clark ដែលមាន​អាយុ ២៤ ឆ្នាំ ចំណាយពេល​តែ ៤.៧៨ វិនាទី​ប៉ុណ្ណោះ ក្នុង​ការរត់​ដោយ​ដៃ សម្រាប់​រយៈ​ចម្ងាយ ២០ ម៉ែត្រ បាន​បង្កើត​កំណត់ត្រា​ពិភពលោក​កាលពី​ខែកុម្ភៈ ២០២។ បុរស​ជា​អ្នកស្រុក San Diego នៃ​រដ្ឋ California រូបនេះ ឱ្យដឹងថា គន្លឹះ​នៃ​ជោគជ័យ​គឺ​ការហ្វឹកហាត់​ជា​បន្តបន្ទាប់។

«ដើម្បី​អាច​រត់លឿន​ដូច្នេះ យើង​មិនមែន​ក្រោក​ពី​ព្រលឹម ហើយ​គិតថា ខ្លួន​នឹង​ជា​មនុស្ស​រត់លឿន​បំផុត​ក្នុង​លោក​នោះទេ។ លទ្ធផល​នេះ​ទាមទារ​ពេលវេលា​យូរ និង​ការប្រឹងប្រែង​ហ្វឹកហាត់» លោក Clark ប្រាប់​ដូច្នេះ។

លោក​បន្តថា «ពេលខ្លះ ខ្ញុំ​ត្រូវ​ហាត់​រហូតដល់​យប់។ ខ្ញុំ​ចង់​ក្លាយជា​មនុស្ស​ដំបូង​ដែលមាន​វត្តមាន​នៅលើ​ទីលាន​ហ្វឹកហាត់ និង​ជាម​នុស្ស​ចុងក្រោយ​ដែល​ចាកចេញ»។

Clark មាន​ជំងឺ​ឆ្អឹងខ្នង និង​មិនមាន​ជើង​តាំងពី​កំណើត។ ដោយសារតែ​មិនមាន​លទ្ធភាព​ចិញ្ចឹម ម្ដាយ​របស់ Clark ក៏បាន​ទុកឱ្យ​កូន​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា។ គាត់​ធ្លាប់​ត្រូវបាន​វះកាត់​ឆ្អឹងខ្នង​ពីរលើក ដើម្បី​អាច​អង្គុយ​ត្រង់​ខ្នង​ដូច​គេ។ ចុងក្រោយ ក្នុង​វ័យ ១៦ ឆ្នាំ Clark ក៏ត្រូវ​បាន Kimberli Hawkins ដែលជា​អ្នក​ប្រាថ្នា​ចង់បាន​កូនប្រុស ទទួល​យកទៅ​ចិញ្ចឹម។

កាលពី​រៀន​នៅ​វិទ្យាល័យ Clark ចាប់ផ្ដើម​រកឃើញ​ការសប្បាយរីករាយ​នៅក្នុង​វិស័យ​កីឡា។ ឆ្នាំ ២០១៨ ជីវិត​កំព្រា​ដែល​ត្រូវបាន​គេ​សម្លុត ធ្វើបាប និង​ការពុះពារ ជំនះ​ឧបសគ្គ​របស់ Clark បាន​ក្លាយជា​ប្រធានបទ​នៃ​ខ្សែភាពយន្ត​ឯកសារ​មួយ​របស់ Netflix។

https://www.youtube.com/watch?v=sE9TvLTmxR8

បច្ចុប្បន្ន លោក Clark កំពុង​ទទួល​ការបណ្ដុះបណ្ដាល និង​ហ្វឹកហាត់​ដើម្បី​ក្លាយជា​អត្ត​ព​លិ​ក​ជនជាតិ​អាម៉េរិក ដំបូង​គេ ដែល​ចូលរួម​ប្រកួត​ទាំង​នៅ អូឡាំពិក (កីឡា​ចំបាប់) ទាំង​នៅ ប៉ា​រ៉ា​ឡាំ​ពិ​ក (ប្រណាំង​រទេះរុញ) ដែល​នឹង​ប្រារព្ធ​ឡើង​នៅក្នុង​ឆ្នាំ ២០២៤ នៅ ទីក្រុង​ប៉ារីស ប្រទេស​បារាំង៕

Advertisement