សម្តេច​តេ​ជោ ហ៊ុន សែន នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជា​ផ្លូវការ នៅ​សប្ដាហ៍​ក្រោយ

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ត្រូវបាន សម្ដេច​តេ​ជោ ហ៊ុន សែន ជ្រើសរើស​ជា​ថ្ងៃ​សម្រាប់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ដកស្រង់ និង​ផ្សាយ​ដោយ​វិទ្យុជាតិ។

ព្រឹត្តិការណ៍​សម្ពោធ​ពហុ​កីឡដ្ឋាន​ដែល​ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តា​មាក់ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​នាពេលខាងមុខ អាច​នឹងមាន​មនុស្ស​ចូលរួម​យ៉ាងតិច ១៥,០០០ នាក់។ ពហុ​កីឡដ្ឋាន​ជាតិ​នេះ មាន​ចម្ងាយ​ប្រមាណ​តែ ១២ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រង្វង់​មូល​វត្តភ្នំ និង​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​ជាង ៨៥ ហិកតា។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបានធ្វើ​ពិធី​ប្រគល់​និង​ទទួល​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ១២ កញ្ញា​កន្លងទៅ ក្រោម​អធិបតីភាព សម្ដេច ហ៊ុន សែន និង​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន។

ប្រសាសន៍​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ត្រូវបាន​ធ្វើឡើង​នៅពេល​សម្ដេច​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង នា​ព្រឹក​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១៕

Advertisement