វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុង​សប្ដាហ៍​នេះ

ព្រឹត្តិការណ៍​សម្ពោធ វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ សម្ដេច​តេ​ជោ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ចាប់ពី​ម៉ោង ០៥:០០នាទី។ នេះ​បើតាម សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ដែល​បាន​ចុះ​កាលពី​ថ្ងៃទី ១៣ ធ្នូ ២០២១ ដោយ ឯកឧត្តម ឃួ​ង ស្រេង។

វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នេះ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ និង​ត្រូវ​បានរៀបចំ​ពិធី​ប្រគល់-ទទួល​លក្ខណៈ​បច្ចេកទេស​រួចរាល់​កាល​ពីថ្ងៃ​ទី១២ ខែកញ្ញា​កន្លងទៅ​រួចហើយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​ចិន។

វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​ចំណាយពេល​សាងសង់ ៤៨ ខែ ដោយ​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ ១៥០ លាន​ដុល្លារ​អាម៉េរិក។  វិមាន​កីឡដ្ឋាន​នេះ នឹង​ក្លាយ​ទីតាំង​សម្រាប់ កម្ពុជា រៀបចំ​ពិធី​បើក-បិទ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម-អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣៕

Advertisement