ថ្ងៃ​ដំបូង​ កម្ពុជា​ ធ្វើ​បាន​យ៉ាង​ល្អ​ នៅក្នុង​​ការប្រកួត​​កីឡា​​ទូកក្ដោង​​ជ្រើស​រើស​​ជើង​ឯក​​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២១

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២១ បានចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការ ខណៈ​លទ្ធផល​បច្ចេកទេស​សម្រាប់​ថ្ងៃ​ដំបូង (១៣ ខែធ្នូ) ត្រូវបាន​ប្រកាស​រួចហើយ។

នៅក្នុង​ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ដែលមាន​កីឡាករ-កីឡាការិនី​ចូលរួម ២៧ រូប មកពី ៣ ប្រទេស រួមមាន កម្ពុជា សិង្ហ​បុរី និង ម៉ាឡេស៊ី កីឡាករ​របស់ កម្ពុជា ធ្វើបាន​យ៉ាង​ល្អ ក្នុងចំណោម ៤ វិញ្ញាសា ដែល កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត លើកលែង​វិញ្ញាសា ILCA 4 នេះ​បើតាម​របាយការណ៍ ស្ដីពី​ការប្រកួត​ថ្ងៃទី។

លទ្ធ​ផ​ក​នៃ​ការប្រកួត ៣ ជុំ នៃ​ថ្ងៃ​ដំបូង កីឡាករ​របស់ កម្ពុជា សម្រេចបាន៖

១-វិញ្ញាសា ILCA 7 កីឡាករ​កម្ពុជា ចូលរួម ២រូប ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ និង​លេខ ៣ ក្នុងចំណោម​កីឡាករ ៣ រូប។

២-វិញ្ញាសា ILCA 6 កីឡាករ​កម្ពុជា​ចូលរួម ២ រូប ទទួលបាន​ចំណាត់ថ្នាក់​លេខ ៤ និង​លេខ ៥ ក្នុងចំណោម​កីឡាករ ៥រូប

៣-វិញ្ញាសា RS:One កីឡាករ​កម្ពុជា​ចូលរួម ៣ រូប ទទួលបាន​ចំណាត់ថ្នាក់​លេខ១ លេខ២ និង​លេខ៣ ក្នុងចំណោម​កីឡាករ ៥រូប

៤-វិញ្ញាសា Techno 293 កីឡាករ​កម្ពុជា​ចូលរួម ៥ រូប ទទួលបាន​ចំណាត់ថ្នាក់​លេខ១ និង​លេខ៣ ក្នុងចំណោម​កីឡាករ​សរុប ៨រូប

ក្នុងចំណោម ៥ វិញ្ញាសា​ខាងលើនេះ នឹងមាន​ការប្រកួត​ចំនួន ១៦ជុំ សម្រាប់​វិញ្ញាសានីមួយៗ ដោយ​រាប់​ចាប់ពី​ថ្ងៃទី ១៣ ដល់ ១៧ ខែធ្នូ ឆ្នាំ ២០២១ នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ មុនពេល​គណៈកម្មការ​រៀបចំ​ការប្រកួត ធ្វើការ​បូកសរុប​ពិន្ទុ ដើម្បី​កំណត់​កីឡាករ​ជា​ជ័យលាភី ប្រចាំការ​ប្រកួត។ នេះ​បើតាម ឯកឧត្តម ថោង រដ្ឋ​សក្ដិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា៕

Advertisement