លោក Wenger កោតសរសើរ Sanchez ខណៈ Arsenal ទៅជួប Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ

លោក Arsene Wenger ជឿ​ជាក់​ថា ស្មារតី​ប្រយុទ្ធ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ក្រុម Arsenal ក្នុង​ពេល​ពួក​គេ​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១ លើ​ក្រុម Manchester City ក្នុង​ការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បាន​កើត​ឡើង​ក្រោម​ជំនួយ​នៃ​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​​មុត​ស្រួច​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Alexis Sanchez​។

គ្រូ​បង្វឹក​របស់​ក្រុម​​កាំ​ភ្លើង​ធំ​រូប​នេះ បាន​ដឹក​នាំ​ឲ្យ​ក្រុម​របស់​លោក​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ទី​២០ ក្រោយ​ពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​មួយ​​សំណាក់​ក្រុម​​មួយ ដែល​រង​នូវ​ការ​រិះ​គន់​ជា​​រឿយ​ៗ​សម្រាប់​ការ​ធ្លាក់​ចូល​ក្នុង​សម្ពាធ​។ ក្នុង​ពេល​ដេញ​តាម​ពី​ក្រោយ​គ្រាប់​បាល់​ក្នុង​តង់​ទី​២​របស់​ខ្សែ​ប្រយុទ្ធ Sergio Aguero ក្រុម​កាំ​ភ្លើង​ធំ Arsenal ហាក់​ស្ថិត​នៅ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​រង​បរា​ជ័យ​ដ៏ខក​ចិត្ត​មួយ​ផ្សេង​ទៀត​ទៅ​ហើយ ក្នុង​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស​របស់​​ពួក​គេ ក្រោយ​ពី​​ស្ថិត​ក្រោម​ការ​​គ្រប់​គ្រង​​របស់​គូ​ប្រកួត​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង​​។ ប៉ុន្តែ ក្រុម​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍មួយ​នេះ បាន​បង្ហាញ​ពី​ស្មារតី​ប្រយុទ្ធ​​​ដ៏​មិន​នឹក​ស្មាន​ដល់ ខណៈ​ដែល​កីឡាករ Nacho Monreal បាន​រក​​គ្រាប់​បាល់​តាម​ស្មើ​ដើម្បី​បង្ខំ​ឲ្យ​ឈាន​ដល់​ការ​ប្រកួត​​នៅ​នាទី​បន្ថែម​១៥​នាទី​ពីរ​ដង នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ី​លី Sanchez បាន​រក​គ្រាប់​បាល់​ឈ្នះ​​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ Sanchez ដែល​ត្រូវ​បាន​គេ​ទាក់​​ទង​ជា​មួយ​នឹង​ការ​ផ្ទេរ​មួយ បន្ទាប់​ពី​បដិ​សេធ​មិន​បន្ត​កិច្ច​សន្យា​ថ្មី​មក​ទល់​ពេល​នេះ បាន​ជួប​ការ​លំ​បាក​ក្នុង​ការ​ស្វែង​រក​ទម្រង់​លេង​​ដ៏​ល្អ​របស់​​គេ នៅពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Man City​។ លោក Wenger ពិត​ជា​រីក​រាយ​ជា​មួយ​នឹង​របៀប​ដែល​​តា​រា​ឆ្នើម​របស់​លោក​រក្សា​ការ​ព្យា​យាម​រហូត​ទាល់​តែ​រក​បាន​​គ្រាប់​បាល់​ឈ្នះ​​។ លោក Wenger បាន​ឲ្យ​ដឹង​ថា៖ «Alexis Sanchez មាន​លក្ខណៈ​ដូច​ទៅ​នឹងក្រុម​នេះ​អ៊ី​ចឹង​។ រូប​គេ​មាន​បញ្ហា​ក្នុង​ពេល​ចាប់​ផ្តើម និង​​មាន​កម្រិត​លេង​កាន់​តែ​ខ្លាំង​​ទៅ​ៗ​។ រូប​គេ​គឺ​ជា​សត្វ​ដែល​ត្រៀម​លក្ខណៈ​រួច​​រាល់​ក្នុង​​ការ​សម្លាប់​គូ​ប្រកួត​របស់​ខ្លួន​។ រូប​គេ​មិន​ដឹល​បោះ​បង់​ឡើយ​»​៕

 

ប្រភព​ពី៖ Channel News Asia

Advertisement