ការប្រកួត​កីឡា​ជាតិ ឆ្នាំ ២០២២ នឹងធ្វើ​ឡើង​នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរកត​តេ​ជោ

ពហុកីឡដ្ឋានជាតិមរតកតេជោ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី ៣ ឆ្នាំ ២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពី​ថ្ងៃទី ១៧ ដល់ ២៨ វិច្ឆិកា ២០២២ បន្ទាប់ពី​បានទទួល​ការអនុញ្ញាត​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ សជណ ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម អ៊ី​ន វីរ​ជាតិ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ២៥ មេសា ២០២២។

ការអនុញ្ញាត​ខាងលើ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​ស្នើសុំ​គោលការណ៍ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី ៣ នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

កន្លងមក កម្ពុជា ធ្លាប់​បានរៀបចំ​ការប្រកួត​កីឡា​ជាតិ តាម​ទម្រង់​ហ្គេម ដោយ​ជោគជ័យ​ចំនួន ២ លើក​មកហើយ ក្នុងនោះ លើក​ទី ១ កាលពី​ឆ្នាំ ២០១៦ និង​លើក​ទី ២ កាលពី​ឆ្នាំ ២០១៨។ ព្រឹត្តិការណ៍​កីឡា​ជាតិ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ដែលជា​លើកដំបូង​បង្អស់​ត្រូវធ្វើ​ឡើង​នៅ កម្ពុជា។

ការប្រកួត​កីឡា​ជាតិ លើក​ទី ៣ នឹងត្រូវ​រៀបចំ​ការប្រកួត​នៅ​ទីលាន នៃ រាជធានី-ខេត្ត ចំនួន ៦ ក្នុងនោះ ក៏មាន​នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ផងដែរ។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​កន្លែង​ប្រារព្ធ​ពិធី​បើក-បិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣។

ស្មារតី​កិច្ច​នៃ​ប្រជុំ​មួយ ដែល​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន នាពេល​កន្លង ឱ្យដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និង​គណៈកម្មការ សរុប​ប្រមាណ​ជា ៧,០០០ នាក់ នឹងត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ដែលមាន​ការប្រកួត​កីឡា​ចំនួន ៣៩ ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ចំនួន ៧ ប្រភេទ នា​ចុង​ឆ្នាំនេះ។

Advertisement