Messi ជួយឲ្យ Barca ស្តារមុខមាត់លើទឹកដី Real ក្នុងជំនួប El Clasico

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​​ទី​២​​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​​ដ៏​សំខាន់​ក្នុង​លទ្ធ​ផល ៣-២ លើ​គូ​ប្រជែង​ដ៏ខ្លាំង​របស់​ពួ​ក​គេ Real Madrid កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​គ្រាប់​បាល់​ទី​២​របស់​គេ ដែល​ជា​​គ្រាប់​លើក​​ទី​៥០០​​របស់​គេ​សម្រាប់​ក្លិប បាន​កើត​ឡើង​នៅ​នាទី​ចុង​ក្រោយ​​នៃ​នាទី​បន្ថែម​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​របស់ Messi បាន​កើត​ឡើង​មនៅ​ជិត​បញ្ចប់​នៃ​ការ​ប្រកួត​ដ៏​រំភើប​មួយ ដែល​​ចាប់​ផ្តើម​យ៉ាង​ស្វិត​ស្វាញ ខណៈ​ដែល​ខ្សែ​ការ​ពារ Samuel Umtiti បាន​ប្រព្រឹត្ត​កំហុស​ទៅ​​លើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​តំបន់​គ្រោះ​ថ្នាក់ ប៉ុន្តែ មិន​​មាន​ការ​ផ្តល់​ការ​​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​ឡើយ ខណៈ​ដែល​ខ្សែ​ការ​ពារ Marcelo ក៏​មិន​បាន​រង​ពិន័យ​ផងដែរ សម្រាប់​ការ​ឲ្យ​កែង​ទៅ​លើ Messi​។ ខ្សែ​បម្រើ Casemiro បាន​​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាល់​បើក​ឆាក​​នៅនាទី ទី​២៨ នៅ​មុន​ពេល Messi បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី ទី​៣៣ ហើយ​ខ្សែ​បម្រើ Ivan Rakitic បាន​ជួយ​ឲ្យ​ក្រុម Barcelona មាន​គ្រាប់​បាល់​នាំ​មុខ​វិញ​​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​ពី​ចម្ងាយប​ញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែល​នៅ​សល់​រយៈ​ពេល​តិ​ច​ជាង​២០​នាទី​ទៀត​។

ការ​រង​ពិន័យ​កាត​ក្រហម​របស់​ខ្សែ​ការ​ពារ Sergio Ramos សម្រាប់​ការ​ប្រើ​ប្រាស់​ជើង​​ទាំង​ពីរ​ដើម្បី​ឈូស​ដណ្តើម​បាល់​ទៅ​លើ Messi ហាក់​ដូច​ជា​​​ធ្វើ​ឲ្យ​ក្រុម Barca ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ទទួល​ជ័យ​ជម្នះ​ដោយ​ងាយ​ទៅ​ហើយ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​បម្រុង James Rodriguez បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​នៅ​នាទី ទី​៨៦ ក្រោយ​ពី​ការ​បញ្ជូន​បាល់​របស់ Marcelo ដើម្បី​រក​ក្រាប់​បាល់​តាម​ស្មើ​វិញ​។ បន្ទាប់​មក Messi បាន​​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិតប​ញ្ចប់​ការ​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​​តាម​ស្មើ​ពិន្ទុ​ក្រុម Real Madrid ដែល​មាន​៧៥​ពិន្ទុ​ដូច​​គ្នា បើ​ទោះ​បី​ក្រុម Real នៅ​សល់​មួយ​ប្រកួត​ក្នុង​​ដៃ​ក៏​ដោយ​។ ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម Barcelona បំពេញ​ការ​ស្តារ​មុខ​មាត់​​មួយ ក្រោយ​ពី​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោម​ស្នា​ដៃ​ក្រុម Juventus កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​​មុន​៕

ប្រភព​ព័ត៌​មាន៖ The Mirror

Advertisement