Bayern បណ្តេញ​លោក Ancelotti ចេញពី​តំណែង​គ្រូបង្វឹក

លោក Carlo Ancelotti បាន​ចាក​ចេញពី​តំណែង​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​នៅ​ក្លិប Bayern Munich ហើយ។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្លិប​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។ ព័ត៌មាន​នេះ​កើតឡើង ក្រោយពី​ក្រុម Bayern បាន​រង​បរាជ័យ​ដ៏​អាម៉ាស់​ក្នុង​លទ្ធផល 3-0 ក្រោម​ស្នាដៃ​ក្រុម Paris Saint-Germain ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ ខណៈដែល​នេះ​គឺជា​ការរង​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ពួកគេ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល ក្នុង​រយៈពេល21ឆ្នាំ។

លោក Karl-Heinz Rummenigge ប្រធាន​ប្រតិបត្តិ​របស់​ក្លិប Bayern បានធ្វើ​ការព្រមាន​រួចជាស្រេច​ថា វា​នឹងមាន​លទ្ធផល​អាក្រក់​តបស្នង​វិញ បន្ទាប់ពី​ការបរាជ័យ​ក្នុងប្រទេស​បារាំង ខណៈដែល​កាសែត SportBild បានចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចប្រជុំ​មួយ​នឹងត្រូវ​រៀបចំឡើង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ដើម្បី​ពិភាក្សា​ទៅលើ​អនាគត​របស់លោក Ancelotti។

សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់ថា៖ «បន្ទាប់ពី​ការពិភាក្សា​ផ្ទៃក្នុង​នៅ​ទីក្រុង Munich កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី28 ខែកញ្ញា ឆ្នាំ2017 ក្លិប Bayern Munchen សូម​ប្រកាសថា ក្លិប​នេះ​នឹង​ចែកផ្លូវ​ជាមួយនឹង​លោកគ្រូ​បង្វឹក Carlo Ancelotti ចាប់ពីពេលនេះ​តទៅ។ លោកគ្រូ​បង្វឹក​ជំនួយ Willy Sagnol នឹង​ចូលកាន់​តំណែង​ជំនួស​ក្នុង​ក្រុម​នេះ​ក្នុងតួនាទី​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន»។

សម្ពាធផ្សេងៗកំពុងតែ​កើតឡើង​រួចជាស្រេច​ទៅលើ​លោក Ancelotti វ័យ58ឆ្នាំ ខណៈដែល​ក្រុម Bayern បាន​ជួប​ភាព​ត្រដាបត្រដួស​នៅ​ដើមរដូវ​កាល​នេះ នៅមុន​ពេល​ចាញ់​ក្រុម PSG 3-0 ក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ពុធ។ បន្ទាប់ពី​ការប្រកួត​នេះ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ត្រូវបាន​ចោទសួរ​ដោយ​បណ្តាញសារព័ត៌មាន​អាល្លឺម៉ង់ អំពី​បច្ចេកទេស និង​ការជ្រើសរើស​ក្រុម​របស់លោក ក្រោយពី​លោក​បាន​សម្រេចចិត្ត​ដាក់​ឲ្យ Franck Ribery, Arjen Robben និង Mats Hummels លេង​ជា​កីឡាករ​បម្រុង៕

ប្រភពពី៖ ESPN

Advertisement