លោក Klopp អំពាវនាវឲ្យកីឡាករមិនឲ្យបោះបង់ក្តីសង្ឃឹមក្នុង Champions League ទោះចាញ់ Crystal

លោក Jurgen Klopp គ្រូ​បង្វឹករ​បស់ Liverpool បាន​សន្យា​ថា នឹង​ប្រយុទ្ធ​រហូត​ដល់​ទី​​បញ្ចប់ បើ​ទោះ​បី​ក្រុម​ហង្ស​ក្រហម​របស់​លោក បាន​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​ក្នុងលទ្ធ​ផល ២-១ ក្នុង​ផ្ទះខ្លួន​ឯង​នៅពេល​​ប្រកួត​ជា​មួយ​នឹង​​ក្រុម Crystal Palace ក្នុង​ក្រប​ខ័ណ្ឌ​កាល​​ពី​ថ្ងៃ​អាទិត្យ​ក៏​ដោយ​។

ក្រុម Manchester United បាន​ដាក់​សម្ពាធ​​​ទៅ​លើ​ក្រុម Liverpool រួច​ជាស្រេច ខណៈ​ដែល ​ប្រយុទ្ធ Anthony Martial បាន​ឆ្លើយ​តប​យ៉ាង​​វិជ្ជ​មាន​​ចំពោះ​ការ​រិះ​គន់​របស់​លោក Jose Mourinho តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ និង​​ជួយ​ឲ្យ​ខ្សែ​ប្រយុទ្ធ Wayne Rooney រក​បាន​គ្រាប់​បាល់​​ទី​២​ដើម្បី​ផ្តួល​ក្រុម Burnley ២-០ និង​ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​​ឡើង​​ទៅ​​​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ ដោយ​​​ដេញ​តាម​ពីក្រោយ​ក្រុម Manchester City មួយ​ពិន្ទុ​។ ហេតុនេះ ក្រុម Liverpool កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​អំពី​ការ​អវត្ត​មាន​​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ ខណៈ​ដែល​ពួក​គេ​នាំ​មុខ​ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​លើ​ក្រុម Man United ដែល​នៅ​សល់​២​ប្រកួត​​នៅ​ក្នុង​ដៃ​របស់​ពួក​គេ​​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Klopp បាន​ដាក់​ចេញ​នូវ​ការ​​​អំពាវ​នាវ​ដល់​អ្នក​គាំ​ទ្រ និង​កីឡាករ​របស់​លោក​ មិន​ឲ្យ​បោះ​បង់​ក្តី​សង្ឃឹម​ទៅលើ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។ លោក Klopp បាន​ប្រាប់​សារ​ព័ត៌​មាន BBC ថា៖ «វា​ពិត​ជា​​លទ្ធ​ផល​ដ៏​ខក​ចិត្ត​​​។ គ្រប់​គ្នា​គិត​ថា Champions League បាន​ធ្លាក់​ចេញ​ពី​ដៃ​របស់​ពួក​គេ ប៉ុន្តែ យើង​មាន​រយៈ​ពេល​១​ខែ​​ទៀត ក្នុង​ការ​​ធ្វើ​ឲ្យ​មាន​ភាព​វិជ្ជ​មាន​ឡើង​វិញ​»​៕

ប្រភព​ព័ត៌​មាន៖ The Mirror

Advertisement