Griezmann យល់ព្រមលើប្រាក់បៀរវត្សរ៍ជាមួយ Man Utd ក្រោយ Atletico ធ្លាក់ពី Champions League

ក្លិប​បិ​សាចក្រហម Manchester United បាន​យល់​ព្រម​លើ​លក្ខ​ខណ្ឌ​ផ្ទាល់​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Antoine Griezmann ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​រូប​​គេ​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Old Trafford​។ បើ​យោង​ទៅ​តាម​គេហ​ទំព័រ The Sun កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​ដែល​​ផ្តល់​​ចំណូល​២៨​ម៉ឺន​ផោន (ស្មើ​នឹង​៣៦​ម៉ឺន​ដុល្លារ​អាមេរិក) ក្នុង​មួយ​សប្តាហ៍ ត្រូវ​បាន​ទទួល​យក​ដោយ​​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Atletico Madrid​ រូប​នេះ​។

Man United នឹង​ត្រូវ​​ចំណាយ​ប្រាក់​៨៩​លាន​ផោន (ស្មើ​នឹង​១១៥​លាន​ដុល្លារ​អាមេ​រិក) ដើម្បី​​ទិញ​រំ​លាយ​កិច្ច​សន្យា​របស់ Griezmann ក្នុង​ក្លិប Atletico ហើយ​​បើក​បូក​ទាំង​ប្រាក់​បៀរ​វត្សរ៍ និង​ប្រាក់​ឧ​ប​ត្ថម្ភ​ផ្សេង​ៗ ក្រុម​បិ​សាចក្រហម​មួយ​នេះ​អាច​នឹង​ចំណាយ​ប្រាក់​ក្នុង​ការ​ផ្ទេរ​នេះ​ដល់​ទៅ​១៧០​លាន​ផោន​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង​វ័យ​២៦​ឆ្នាំ​រូប​នេះ គឺ​ជា​គោល​ដៅ​ទិញ​ចូល​ទី​១​របស់​លោក Jose Mourinho សម្រាប់​រដូវ​កាល​ក្រោយ ខណៈ​ដែល​លោក​​នឹង​ត្រូវ​ពង្រឹង​ក្រុមរ​បស់​លោក​​ដើម្បី​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League។

Griezmann ធ្លាប់​បាន​សម្តែង​នូវ​ការ​ស្ទាក់​ស្ទើរ ដោយ​សារ​តែ​ក្រុម Man United កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រ​ជែង​យក​កៅអី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​​ក្រោយ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Atletico ដឹង​ពី​ការ​អភិ​វឌ្ឍ​ក្រុម​របស់​ខ្លួន និង​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​​ប្រយុទ្ធ Alexis Sanchez របស់​ក្លិប Arsenal និង​ខ្សែ​ប្រយុទ្ធ Alexandre Lacazette របស់​ក្លិប Lyon ដើម្បី​ជំនួស​កន្លែង​របស់ Griezmann​៕​

ប្រភព​ព័ត៌​មាន៖ The Sun

Advertisement