អ្នកគាំទ្រ​បាល់ទាត់​មកពី បង់​ក្លា​ដែ​ស ត​ទង់ជាតិ​ប្រវែង​ជាង 3 គីឡូម៉ែត្រ ដើម្បី​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង

លោក Kowsir នឹង​ទង់ជាតិ​កូរ៉េខាងត្បូង

Abu Kowsir និយាយថា កូរ៉េខាងត្បូង បាន​នាំមក​នូវ​ភាពរុងរឿង​ដល់​គ្រួសារ​របស់គាត់ ទើប​គាត់​ចង់បង្ហាញ​ការដឹងគុណ​ដោយ​កា​រត​ទង់ជាតិ​ដើម្បី​ជាការ​គាំទ្រ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ប្រទេស​នេះ​នៅ World Cup 2022។

Abu Kowsir និង​ភរិយា​បានធ្វើឱ្យ​អ្នកជិតខាង​មានការ​ភ្ញាក់ផ្អើល​នៅពេល​គាត់​ត​ទង់ជាតិ​របស់ កូរ៉េខាងត្បូង ប្រវែង 3.5 គីឡូម៉ែត្រ ដោយ​ចាប់ផ្ដើម​ពី​ផ្ទះ​របស់គាត់ អូសបន្លាយ​តាម​ដងផ្លូវ និង​ឆ្លងកាត់​ទន្លេ​ឆ្ពោះទៅកាន់​ភូមិ​ក្បែរ​ខាង​នៅក្នុង​តំបន់ Bancharampur ភាគ​ខាងកើត​របស់ ប្រទេស​បង់​ក្លា​ដែ​ស។

ទឹកប្រាក់ 5,000 ដុល្លារ​អាម៉េរិក​ដែល Abu Kowsir បាន​ចំណាយ​គឺជា​សា​ក្ខី​ភាព​សម្រាប់​ក្ដី​ស្រលាញ់​របស់គាត់​ចំពោះ កូរ៉េខាងត្បូង ជាទី​ដែល​លោក Kowsir អាយុ 45 បាន​ចំណាយពេល​ភាគច្រើន​នៃ​វ័យ​កំលោះ​សម្រាប់​បំពេញការងារ​ចិញ្ចឹមជីវិត។

«យើង​ស្រលាញ់ កូរ៉េខាងត្បូង ហើយ​នេះ​គឺជា​វិធី​ដែល​ពួកយើង​ជ្រើសរើស​ដើម្បី​លើកទឹកចិត្ត​ក្រុមបាល់ទាត់» Sabina ដែលជា​ភរិយា​របស់ Kowsir និយាយ​ដូច្នេះ និង​បន្តថា «ពួកយើង​នឹង​បន្ត​គាំទ្រ និង​បួងសួង​សូមឱ្យ កូរ៉េខាងត្បូង បានឈ្នះ»។

ទង់ជាតិ​កូរ៉េខាងត្បូង​ ត្រូវ​បាន​ត​ឆ្លង​កាត់​ទន្លេ​

Sabina មិន​ធ្លាប់បាន​ទៅដល់​ប្រទេស​ដែល​ស្វាមី​របស់​អ្នកស្រី​ធ្វើជា​ពលករ​ក្នុង​រយៈពេល 15 ឆ្នាំ ប៉ុន្តែ ចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​រឿងរ៉ាវ​ដែល​ស្វាមី​បាន​រៀបរាប់​ប្រាប់។

ក្នុង​រោងចក្រ​នៅឯ កូរ៉េខាងត្បូង Kowsir ទទួលខុសត្រូវ​ក្នុង​ការងារ​កោស​គ្រឿងបន្លាស់​ទូរស័ព្ទចាស់ៗ និង​មុខទំនិញ​ជាច្រើន​ទៀត ក៏ដូចជា​ការងារ​ស្ល​មាស​ឡើងវិញ។

ពេលវេលា​នៅ កូរ៉េខាងត្បូង បាន​នាំមក​នូវ​ប្រាក់ចំណូល និង​ដើមទុន​ដើម្បីឱ្យ​គ្រួសារ​របស់ Kowsir អាចបង្កើត​មុខរបរ​ជួញដូរ​គ្រឿងអលង្ការ​នៅឯ​ស្រុកកំណើត។ លោក Kowsir អះអាងថា ការធ្វើជា​ពលករ​នៅ កូរ៉េខាងត្បូង បាន​ជួយ​លើក​ជីវភាព​គ្រួសារ​របស់គាត់​ទៅក្នុង​ស្រទាប់វណ្ណៈ​កណ្ដាល​នៅ បង់​ក្លា​ដែ​ស។

ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ដែល​ឈរ​លំដាប់​ទី 28 លើ​ពិភពលោក ត្រូវបាន​គេ​ព្យាករ​ថា នឹង​ជួប​ការលំបាក​ច្រើន​នៅពេល​ប្រកួត​ជាមួយ អ៊ុយ​រូ​ហ្កា​យ នៅ​ថ្ងៃទី 24 វិច្ឆិកា ហើយ​ក្រោយមក​ត្រូវ​ប្រឈមមុខ​នឹង ព័រទុយហ្កាល។ លោក Kowsir ឱ្យដឹងថា គាត់​ធ្លាប់​ត្រូវ​អ្នកជិតខាង​បង្អាប់​លេង​អំពី​ក្ដីសង្ឃឹម​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ កូរ៉េខាងត្បូង ប៉ុន្តែ គាត់​មិន​យកចិត្តទុកដាក់។

ភរិយា​របស់​លោក Kowsir កំពុង​រៀប​ចំ​ទង់​ជាតិ​របស់ កូរ៉េខាងត្បូង

«ការប្រកួត​ណា​ក៏មាន​អ្នកចាញ់ និង​អ្នកឈ្នះ។ ជា​អ្នកគាំទ្រ​ម្នាក់​របស់ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹង​លេង​បានល្អ។ បើ​ទោះ​ពួកគេ​មិន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ខ្ញុំ​នៅតែ​គាំទ្រ​ដដែល»៕

Advertisement