បី​ក្រុម​ដំបូង​ដែល​ឡើង​ដល់​​​វគ្គ 1/8 នៅ World Cup 2022

Cristiano Ronaldo ត្រេកអរនៅពេល Bruno Fernandes រកបាន 1 គ្រាប់ដំបូងឱ្យ ព័រទុយហ្កាល់ ក្នុងការប្រកួតឈ្នះ អ៊ុយរូហ្កាយ 2-0 នៅ Lusial កាតា កាលពីថ្ងៃទី 28 វិច្ឆិកា

(កាតា) – បន្ទាប់ពី​ជុំ​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ World Cup 2022 ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី 28 វិច្ឆិកា ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ បាន​ឡើងទៅ​វគ្គ 1/8 ដែល បារាំង បាន​ឡើងដល់​មុនគេ។

ទន្ទឹមនឹង 3 ប្រទេស​គឺ ប្រេ​ស៊ី​ល ព័រទុយហ្កាល់ និង បារាំង ដែល​បាន​ឡើងទៅ​វគ្គ 1/8 World Cup 2022 ក៏​ទើប​តែមាន 2 ក្រុម​ប៉ុណ្ណោះ​ដែល​ប្រាកដថា ត្រូវ​ជម្រុះ គឺ កាតា និង កាណាដា។ 27 ក្រុម​ដែល​នៅសល់​នឹងត្រូវ​ដណ្ដើម​កៅអី​ចំនួន 13 នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 29 វិច្ឆិកា ដល់ 02 ធ្នូ 2022 ដើម្បី​ឡើងទៅ​កាន់​វគ្គ 1/8។

ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ ត្រូវការ​តែ​ពិ​ន្ទុះ​ស្មើ​នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​គឺអាច​ឈរលើ​កំពូល​តារាង ដើម្បី​ចៀសវាង​ការ​ប៉ះគ្នា​នៅ​វគ្គ 1/8។ បារាំង ក៏​ពិបាក​នឹង​បាត់បង់​តំណែង​លើ​គេ​នៅ​ពូ​ល D ដូច្នេះ អាច​ចៀសវាង​គូប្រជែង អា​ហ្ស​ង់​ទីន នៅ​វគ្គ​បន្ទាប់។ ប៉ុន្តែ Lionel Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ ប៉ូឡូញ នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ ទើប​មានឱកាស​អាច​គ្រប់គ្រង​ពូ​ល C។

ការប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​នៅ​ពូ​ល A និង​ពូ​ល B នឹង​ចាប់ផ្ដើម​ពី​ម៉ោង 22 ថ្ងៃទី 29 វិច្ឆិកា និង​ម៉ោង 2 ថ្ងៃទី 30 វិច្ឆិកា (ម៉ោង​នៅ កម្ពុជា)។ នៅ​ពូ​ល A ក្រុម​អេក្វាទ័រ នឹង​ប៉ះ​ក្រុម​សេ​ណេ​ហ្កា​ល់ ចំណែក ហូ​ឡង់ ប៉ះ​នឹង កាតា។ ក្រុម​អេក្វាទ័រ និង ហូ​ឡង់ សុទ្ធតែ​ត្រូវការ​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​គឺអាច​ដើរទៅ​មុខ​បន្ត។

នៅ​ពូ​ល B អង់គ្លេស ប្រកួត​ជាមួយ វ៉ែល​ស៍ ខណៈ អ៊ីរ៉ង់ ត្រូវ​ជួប សហរដ្ឋ​អាម៉េរិក។ អង់គ្លេស ឱ្យតែ​មិន​ចាញ់​ច្រើនជាង 2 គ្រាប់​គឺអាច​បន្តដំណើរ​បាន។ អ៊ីរ៉ង់ នឹង​បាន​ឡើង​ទៅលើ​បន្ត បើសិនជា សហរដ្ឋ​អាម៉េរិក ចាញ់ ក្នុងករណី​ដែល វ៉ែល​ស៍ មិន​ឈ្នះ អង់គ្លេស។ សហរដ្ឋ​អាម៉េរិក ត្រូវតែ​ឈ្នះ អ៊ីរ៉ង់ ទើបបាន​ឡើងទៅ​វគ្គ 1/8។ វ៉ែល​ស៍ ត្រូវការ​ឈ្នះ​លើ អង់គ្លេស ហើយ​រង់ចាំ អ៊ីរ៉ង់ ចែក​ពិ​ន្ទុះ​ជាមួយ សហរដ្ឋ​អាម៉េរិក៕

Advertisement