រោងចក្រ​ផលិត​បាល់​មួយ​លាន​គ្រាប់​សម្រាប់​ជាវ​ត្ថុ​អនុស្សាវរីយ៍ World Cup 2022

កម្មករ កម្មការិនីកំពុងផលិតបាល់ Al Rihla នៅ ខេត្តជ្វាខាងកើត

បើទោះជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​មិនបាន​ចូលរួម​ទាត់​នៅ World Cup 2022 ប៉ុន្តែ ឥណ្ឌូណេស៊ី នៅតែ​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​នៅពេល​ផលិត​បាល់ Al Rihla (ដែលជា​បាល់​ផ្លូវការ​សម្រាប់​ការប្រកួត​នៅ World Cup 2022) ចំនួន 1 លាន​គ្រាប់​សម្រាប់​ជា​អនុស្សាវរីយ៍។

កំណែ​ចម្លង​ជា​អនុស្សាវរីយ៍​របស់​បាល់ Al Rihla កំពុងតែ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន PT Global Way នៅ Madiun ខេត្ត​ជ្វា​ខាងកើត នៃ ប្រទេស​ឥណ្ឌូណេស៊ី។

ខេត្ត​ខាងលើ​គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​រួមចំណែក​ជាង 15% ទៅក្នុង GDP របស់ ឥណ្ឌូណេស៊ី ដោយមាន​ភាពល្បីល្បាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូចជា ការសាងសង់​កប៉ាល់ ផលិត​ស៊ីម៉ង់ និង​ក្រដាស់​ជាដើម។ល។

កាលពី​ឆ្នាំ 2019 PT Global Way បានចាប់ផ្ដើម​បើក​រោងចក្រ​ផលិត​បាល់ Al Rihla នៅ ខេត្ត​ជ្វា​ខាងកើត និង​រើស​កម្មករ 2,000 នាក់។ គម្រោង​នេះ​បានរួម​ចំណែក​ជួយ​ឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​កើនឡើង 3.34% ក្នុងដំណាក់កាល 2020-2021 នេះ​បើតាម Ahmad Dawami ដែលជា​មន្ត្រី​មួយរូប​នៅ Madiun។

Dawami ឱ្យដឹងថា បាល់​អនុស្សាវរីយ៍​ប្រហែល 1 លាន​គ្រាប់​ត្រូវបាន​រោងចក្រ​របស់ PT Global Way ផលិត និង​នាំចេញ​ទៅកាន់ ប្រេ​ស៊ី​ល, សហរដ្ឋ​អាម៉េរិក, អាល្លឺម៉ង់, អារ៉ាប់​រួម ក្នុង​ព្រឹត្តិការណ៍ World Cup 2022 នៅ ប្រទេស​កាតា។

បាល់ Al Rihla នៅ World Cup 2022

រោងចក្រ​នេះ​បានផ្ដល់​ការងារ​រាប់ពាន់​កន្លែង​សម្រាប់​កម្មករ​វ័យក្មេង នៅពេល​សេដ្ឋកិច្ច​របស់ ឥណ្ឌូណេស៊ី ក៏ដូចជា​ពិភពលោក កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​សកល និង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

គ្រាប់​បាល់ Al Rihla ដែល​មានន័យថា «ការធ្វើដំណើរ» នៅក្នុង​ភាសា​អារ៉ាប់ គឺជា​សមិទ្ធផល​បច្ចេក​វិទ្យា​របស់ Adidas។ ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ បាន​ផ្គត់ផ្គង់​បាល់​សម្រាប់ World Cup ចាប់តាំងពី​ឆ្នាំ 1970។ Al Rihla គឺជា​បាល់​ផ្លូវការ​ទី 14 របស់ World Cup៕

Advertisement