ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន ត្រូវ​បង្ខំ​ចិត្ត​ឡើង​​ឧទ្ធម្ភាគចក្រ​ហែ​ក្បួន​​អបអរ​សាទរ​ជ័យ​ជម្នះ​នៅ​ World Cup

Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវ​បោះបង់​ការហែក្បួន​ដោយ​រថយន្តក្រុង​គ្មាន​ដំបូល និង​ឡើង​ឧទ្ធម្ភាគចក្រ​ហោះ​ពី​លើ​​រដ្ឋធានី ដោយសារ​មនុស្ស​រាប់លាន​នាក់​ចេញ​ដើរ​តាម​ដងផ្លូវ​ចូល​រួម​​អបអរសាទរ​​ជើង​ឯក​ World Cup 2022។

ការហែក្បួន​ដោយ​រថយន្តក្រុង​គ្មាន​ដំបូល​នៅលើ​ផ្លូវ​ក្នុង រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ ធ្វើឡើង​ក្នុង​ថ្ងៃទី 20 ធ្នូ ដើម្បីឱ្យ​ប្រជាជន​អាច​ចូលរួម​សប្បាយ​នឹង​តំណែង​ជើងឯក World Cup 2022 ដែលក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដណ្ដើមបាន។ យោងតាម​ការ​គណនា មនុស្ស​ប្រហែល 4 លាន​នាក់​បាន​ចូលរួម​ហែ​ក្បួន​នេះ ធ្វើឱ្យ​ដងផ្លូវ​ត្រូវ​ណែនណាន់តាន់តាប់។

រថយន្តក្រុង​ត្រូវ​បរយឺតៗនៅ​កណ្ដាល​ហ្វូងមនុស្ស​រាប់លាន​នាក់ នៅពេល​ឆ្ពោះទៅកាន់ Obelisk ព្រោះតែ​ដងផ្លូវ​​ចង្អៀត​ខ្លាំង។ មនុស្ស​មួយចំនួន​ថែម​ទាំង​ព្យាយាម​លោត​ឡើង​រថយន្តក្រុង​របស់​ក្រុមបាល់ទាត់។

ក្បួន​ហែ​ដែល​អូស​បន្លាយពេល 8 ទៅតាម​ផែនការ ត្រូវបាន​កាត់បន្ថយ​ពេលវេលា ដោយសារ​ការបារម្ភ​អំពី​សន្តិសុខ ហើយ​ក្រុម​កីឡាករ​ត្រូវ​ចាក​ចេញពី​រថយន្តក្រុង ដើម្បី​ឡើង​ឧទ្ធម្ភាគចក្រ។ ឧទ្ធម្ភាគចក្រ​នេះ ក្រោយមក​ក៏​ហោះ​ក្រឡឹង​វិមាន Obelisk ពី​លើ​ហ្វូង​មនុស្ស​។

ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ត្រលប់​ទៅដល់​ព្រលានយន្តហោះ Ezeiza នៅ រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ វេលា​ម៉ោង​ប្រហែល 3 ថ្ងៃទី 20 ធ្នូ ពេល​​មនុស្ស​រាប់ពាន់នាក់​បាន​រង់ចាំ​អបអរសាទរ។

នៅវេលា​ថ្ងៃត្រង់ មនុស្ស​រាប់លាន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​កណ្ដាល​រដ្ឋធានី។ មនុស្សម្នា​លើក​រូបថត​របស់ Messi និង​អតីត​កំពូល​តារាបាល់ទាត់ Diego Maradona ទន្ទឹមនឹង​ការលេង​តន្ត្រី ស្រែក​ហ៊ោ និង​សកម្មភាពផ្សេង។

ដងផ្លូវ​ក៏​ចាប់ផ្ដើម​ទូលាយ​បន្តិច ក្រោយពី​ក្រុមបាល់ទាត់​ឡើង​ឧទ្ធម្ភាគចក្រ។ មនុស្ស​មួយចំនួន​សោកស្ដាយ ព្រោះតែ​មិនបាន​ជួប​ក្រុម​ជម្រើសជាតិ​នេះ។

ដើម្បី​ចូលរួម​អបអរសាទរ​ជ័យជម្នះ​នៅ World Cup 2022 រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃទី 20 ធ្នូ បានអនុញ្ញាត​ឱ្យ​ប្រជាជន​ឈប់សម្រាក​ពី​ការងារ​មួយថ្ងៃ លើកលែងតែ​វិស័យ​ចាំបាច់​មួយចំនួន៕

 

Advertisement