កូនក្រមុំ និងកូនកំលោះ​ពាក់អាវ Messi និង Mbappe ក្នុង​ពិធី​រៀបការ

(ឥណ្ឌា)- កូនកំលោះ កូនក្រមុំ​មួយគូ​ដែល​ស្រលាញ់​បាល់ទាត់ នាំគ្នា​ពាក់អាវ Messi និង Mbappe នៅក្នុង​ពិធី​រៀប​មង្គលការ មុន​ពេល​ទៅ​​ទស្សនា​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង អា​ហ្ស​ង់​ទីន និង បារាំង នៅ World Cup 2022 កាលពី​ថ្ងៃទី 18 ធ្នូ។

Sachin R និង R Athira ជា​មនុស្ស​ចុះសម្រុង​នឹង​គ្នា​គ្រប់​បញ្ហា​ក្នុង​ជីវភាព ប៉ុន្តែ Sachin គាំទ្រ​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន Lionel Messi ចំណែក Athira វិញ គឺជា​អ្នកគាំទ្រ​ក្រុម​របស់ បារាំង ដែលមាន​ខ្សែប្រយុទ្ធ Kylian Mbappé Lottin។

នៅ​ថ្ងៃ​រៀបការ Sachin ពាក់អាវ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដែលមាន​ឈ្មោះ Messi ពេលដែល Athira ពាក់អាវ​ក្រុម​ជម្រើសជាតិ​បារាំង​ដែលមាន​ឈ្មោះ Mbappe។ ពួក​គេ​ពាក់​អាវ​កីឡា​ពី​ក្រៅ​ឈុត​ប្រពៃណី​របស់​ជនជាតិ​ឥណ្ឌា។

ក្រោយ​ពិធី​រៀបការ និង​ជប់លៀង គូស្នេហ៍​ថ្មី​នេះ​ក៏​ប្រញាប់​ធ្វើដំណើរ​ទៅផ្ទះ​របស់ Sachin នៅ​ទីក្រុង​រដ្ឋបាល​របស់រ​ដ្ឋ Kerala ចម្ងាយ​ជាង 200 គីឡូម៉ែត្រ ដើម្បី​ទស្សនាការ​ប្រកួត​រវាង បារាំង និង អា​ហ្ស​ង់​ទីន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

Lionel Messi និង​ Kylian Mbappé Lottin

ជនជាតិ​ឥណ្ឌា ចូលចិត្ត​កីឡា cricket ប៉ុន្តែ​នៅ​ភាគខាងត្បូង​រដ្ឋ Kerala បាល់ទាត់​ទើប​ជា​កីឡា​ដែលមាន​ការពេញនិយម​ជាងគេ។ អ្នកគាំទ្រ Messi នៅក្នុង​រដ្ឋ​នេះ​ក៏​មាន​ច្រើន​ផងដែរ។

នៅ​ពាសពេញ​រដ្ឋ​ខាងលើ ទង់​បាល់ទាត់ និង​អេក្រង់​ទូរទស្សន៍ធំៗ ត្រូវបាន​ដំឡើង​ដើម្បីឱ្យ​គ្រប់គ្នា​អាច​តាមដាន ជប់លៀង នៅពេល Messi និង​ក្រុម​ជម្រើសជាតិ ចូល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ មនុស្ស​រាប់ម៉ឺន​នាក់​ប្រមូល​ផ្ដុំគ្នា​នៅតាម​ទីតាំង​នានា​ដើម្បី​តាមដាន​ការប្រកួត ហើយ​ក្រោយមក​ក៏​នាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ​ដើម្បី​អបអរសាទរ៕

Advertisement