អា​ហ្ស​ង់​ទីន ចែក​ប្រាក់រង្វាន់ World Cup 2022 ដោយ​របៀប​ណា?

ក្រុមបាល់​ទាត់​អាហ្សង់ទីន លើក​ពាន World Cup 2022

ប្រាក់រង្វាន់​សម្រាប់​តំណែង​ជើងឯក World Cup 2022 របស់ អា​ហ្ស​ង់​ទីន គឺ 42 លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ ខ្ទង់​ប្រាក់​នេះ​នឹងត្រូវ​កាត់​ប្រាក់​ពិន័យ និង​ពន្ធ​ផ្សេង​ៗ​មួយចំនួន។

អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ជ័យជម្នះ​លើ បារាំង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022 កាលពី​ថ្ងៃទី 18 ធ្នូ 2022 ដោយ​ការប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។ នេះ​ជា​លើក​ទី​បី​ហើយ​ដែល អា​ហ្ស​ង់​ទីន បាន​ក្លាយជា​ជើងឯក World Cup និង​រកបាន​ប្រាក់រង្វាន់ 42 លាន​ដុល្លារ​អាម៉េរិក ឱ្យ សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន (AFA)។

សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) នឹង​ផ្ទេរ​ប្រាក់រង្វាន់​ទៅ ឱ្យ AFA ក្នុង​រង្វង់ 90 ថ្ងៃ ក្រោយ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ពោលគឺ​ប្រហែល​ពី​ពាក់កណ្ដាល​ខែមីនា ដល់​ដើមខែ​មេសា ឆ្នាំ 2023។

ក៏ប៉ុន្តែ អា​ហ្ស​ង់​ទីន នឹងមិន​ទទួលបាន​ប្រាក់រង្វាន់​ពេញ 42 លាន​ដុល្លារ​ឡើយ ព្រោះ FIFA នឹង​កាត់​ពន្ធ និង​ការពិន័យ​ចំពោះ​ក្រុមបាល់ទាត់​នេះ។ អា​ហ្ស​ង់​ទីន ទំនងជា​នឹងត្រូវ​ពិន័យ​ធ្ងន់ធ្ងរ ពិសេស​គឺ​នៅក្រោយ​វគ្គ 1/8 ដែល​ត្រូវ​ប៉ះ​នឹង ហូ​ឡង់ ដោយសារតែ​មានការ​ទះ​ទង្គិច​គ្នា ការជជែក​តតាំង និង​ការ​ប្រវាយប្រតប់​គ្នា ធ្វើឱ្យ​អាជ្ញាកណ្ដាល​ត្រូវ​បញ្ចេញ​កាត់​លឿង​ចំនួន 18 លើក។

ក្រុមមន្ត្រី​បាល់ទាត់​គណនី​ឃើញថា ទឹកប្រាក់​ប្រហែល 4 លាន​ដុល្លារ​នឹងត្រូវ FIFA កាត់​ចេញពី​ប្រាក់រង្វាន់​​របស់ អា​ហ្ស​ង់​ទីន។

ប្រាក់​ដែល​នៅសល់​នឹងត្រូវ​ចែក​ឱ្យ​កីឡាករ និង​សមាជិក​ក្រុម​គ្រូបង្វឹក បន្ទាប់ពី​បាន​បង់ពន្ធ​នានា​ទៅឱ្យ អាជ្ញាធរ​អា​ហ្ស​ង់​ទីន។ ក៏ប៉ុន្តែ AFA កំពុងតែ​ជួប​បញ្ហា​ទាក់ទង​នឹង​ការប្ដូរ​ប្រាក់​ចែក​ឱ្យ​ក្រុម​ជម្រើសជាតិ ព្រោះថា រូបិយ​បណ្ណ​របស់ អា​ហ្ស​ង់​ទីន កំពុង​ធ្លាក់​ថ្លៃ។

ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ពី FIFA តាមច្បាប់​របស់ អា​ហ្ស​ង់​ទីន ក្នុង​រង្វង់ 5 ថ្ងៃ AFA ត្រូវតែ​ប្ដូរប្រាក់​ពី​ដុល្លារ​អាម៉េរិក ទៅជា​ប្រាក់​ប៉េ​សូ​ទៅតាម​អត្រា​ប្ដូរប្រាក់​ផ្លូវការ 172.7 ប៉េ​សូ/ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​ធៀប​នឹង​អត្រា​ប្ដូរប្រាក់​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ជាក់ស្ដែង​នៅក្នុង​ប្រទេស​នេះ។ តម្លៃ​របស់​ប្រាក់​ប៉េ​សូ​អា​ហ្ស​ង់​ទីន នៅលើ​ទីផ្សារ​បច្ចុប្បន្ន​គឺ 324 ប៉េ​សូ/ដុល្លារ​អាម៉េរិក។

ប្រាក់រង្វាន់​ដែល​កីឡាករ​អាហ្សង់ទីន​ទទួល​បាន​ពី​តំណែង​ជើង​ឯក World Cup 2022 ទាប​ជាង​ប្រាក់បៀវត្សរ៍ មួយ​សប្ដាហ៍​របស់ Lionel Messi នៅ​ក្លឹប PSG របស់ បារាំង ទៅ​ទៀត​

ក្រោយ​ការ​កាត់​ប្រាក់​ពិន័យ​របស់ FIFA ការប្ដូរ​ប្រាក់ និង​ការបង់ពន្ធ 7.25% ជូន​រដ្ឋ (អា​ហ្ស​ង់​ទីន) ប្រាក់រង្វាន់​ដែល​នៅសល់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន គឺ​ប្រហែល 6.1 ពាន់​លាន​ប៉េ​សូ។

ប្រាក់​ខាងលើនេះ​នឹងត្រូវ​យកទៅ​ចែក​ឱ្យ​កីឡាករ​អា​ហ្ស​ង់​ទីន 26 នាក់ និង​សមាជិក 6 នាក់​នៅក្នុង​ក្រុម​គ្រូបង្វឹក ប៉ុន្តែ អាច​នឹង​ចែក​ឱ្យ​ក្រុម​ជំនួយការ​ផងដែរ។ បើសិន​ចែក​ស្មើ​ឱ្យ​សមាជិក 32 នាក់​របស់​ក្រុម នោះម្នាក់ៗនឹង​ទទួលបាន​ប្រហែល 190 លាន​ប៉េ​សូ។

ក៏ប៉ុន្តែ 190 លាន​ប៉េ​សូ​នេះ​នឹងត្រូវ​កាត់​ពន្ធ 0.6% ដែល​ស្មើនឹង 1.1 លាន​ប៉េ​សូ។ ពេល​ពួកគេ​ដក​ប្រាក់ ខ្ទង់​ប្រាក់​ពន្ធ​នេះ​នឹងត្រូវ​អនុវត្ត​ជា​លើក​ទី​ពីរ ជួយ​ឱ្យ រតនាគារជាតិ​អា​ហ្ស​ង់​ទីន រកបាន​សរុប 2.2 លាន​ប៉េ​សូ ពី​សមាជិកម្នាក់ៗរបស់​ក្រុម​ជម្រើសជាតិ ចំណែក​កីឡាករម្នាក់ៗទទួលបាន​ប្រហែល 187.8 លាន​ប៉េ​សូ ប្រហែល​នឹង 1.08 លាន​ដុល្លារ​អាម៉េរិក។ ប្រាក់រង្វាន់​នេះ​ទាប​ជាង​ប្រាក់បៀវត្សរ៍ 1.16 លាន​ដុល្លារ/សប្ដាហ៍​របស់ Lionel Messi នៅ​ក្លឹប PSG របស់ បារាំង ទៅ​ទៀត​៕

Advertisement