សារព័ត៌មាន​កូរ៉េខាងត្បូង​សង្ឃឹមថា «វៀតណាម​នឹង​ឈ្នះ​ថៃ» នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

ក្រុម​អ្នកគាំទ្រ​វៀតណាម អរគុណ​ដល់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​ Park Hang-seo

នៅមុន​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ AFF Cup 2022 សារព័ត៌មាន Chosun របស់​កូរ៉េខាងត្បូង ជឿជាក់ថា គ្រូបង្វឹក Park Hang-seo អាចជួយ​ឱ្យ​វៀតណាម​ឈ្នះ​ថៃ មុនពេល​លា​កូន​សិស្ស និង​អ្នក​គាំទ្រ​​នៅ​ប្រទេស​វៀតណាម។

«សកម្មភាព​ចុងក្រោយ​របស់​គ្រូបង្វឹក Park Hang-seo ក្នុង​វិស័យ​បាល់ទាត់​វៀតណាម​ពេលនេះ​គឺ​នៅសល់តែ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ​របស់​ AFF Cup 2022 ប៉ុណ្ណោះ» សារព័ត៌មាន​ខាងលើ​ស​រ​សេរ​ដូច្នេះ។ «អ្នកគាំទ្រ​សុទ្ធតែ​ចង់ដឹងថា តើ​គ្រូបង្វឹក Park អាច​បញ្ចប់​ដំណើរ​លើក​នេះ​ដោយ​ស្នាម​ញ​ញឹក​ដែរ ឬ​យ៉ាងណា»។

ការប្រកួត​លើ​ទីលាន My Dinh វៀតណាម និង​ថៃ​រកបាន 2 គ្រាប់​ដូច្នេះ។ ដោយសារតែ AFF Cup អនុវត្ត​លក្ខន្តិកៈ «គ្រាប់បាល់ក្រៅទឹកដី» (Away Goals Rule) ដើម្បី​ជ្រើសរើស​ក្រុម​ឈ្នះ​ក្នុងករណី​ក្រុម​ទាំងពីរ​រកបាន​គ្រាប់​​បាល់​ស្មើគ្នា​ក្រោយ​ការប្រកួត​ពីរ​ជើង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ វៀតណាម ត្រូវការ​ឈ្នះ ឬ​ស្មើ​ចាប់ពី 3-3 ឡើងទៅ ទើប​អាច​ដណ្ដើមបាន​ជើងឯក។ ចប់​ការប្រកួត​ជើង​ទី​ពីរនៃ​វគ្គ​ផ្ដាច់​ព្រ័ត្រ បើសិន​លទ្ធផល​ស្មើ 2-2 វៀតណាម និង​ថៃ​ត្រូវ​ប្រកួត​តង់​បន្ថែម។ នេះ​មិនមែនជា​គោលដៅ​ងាយស្រួល​ឡើយ​សម្រាប់​គ្រូបង្វឹក​ជន​ជាតិ​កូរ៉េខាង​ត្បូងលោក Park Hang-seo ក៏ដូចជា​​ក្រុម​វៀតណាម ព្រោះថា ថៃ​កំពុង​បង្ហាញថា ពួកគេ​ខ្លាំងក្លា។

ប៉ុន្តែ​សារព័ត៌មាន Chosun របស់​កូរ៉េខាងត្បូង សរសេរថា ទោះជា​យ៉ាងនេះ​ក៏ដោយ គ្រូបង្វឹក Park ស័ក្ដិសម​ទទួល​បានកា​រ​គោរព​ ព្រោះតែ​ការរួមចំណែករបស់​លោក​នៅ​​ក្នុង​វិស័យ​បាល់ទាត់​របស់​​វៀតណាម ​ចាប់តាំងពី​ឆ្នាំ 2017។

សារព័ត៌មាន​កូរ៉េខាងត្បូង​ខ្លះ បាន​ហៅ​ AFF Cup ថា​ជា World Cup របស់​អាស៊ី​អាគ្នេយ៍ ហើយ​ប្រការ​នេះ​ក៏​ទំនង​​ជា​មិន​មែន​គ្មាន​ហេតុ​ផល​នោះដែរ​។ ព្រោះ​ថា មាន​ជនជាតិ​កូរ៉េខាងត្បូង​ 3 រូប​ដែល​ធ្លាប់​ចូល​ប្រកួត​នៅ World Cup កំពុង​បំពេញបេសក​កម្ម​ជា​គ្រូបង្វឹក​នៅ​អាស៊ី​អាគ្នេយ៍​ រួម​មាន គ្រូបង្វឹក Shin Tae-yong របស់​​ក្រុម​ឥណ្ឌូណេស៊ី​, ជំនួយ​ការ​ក្រុម​ជម្រើស​ជាតិ​វៀតណាម Lee Young-jin និង​គ្រូបង្វឹក Park Hang-seo របស់​ក្រុម​វៀតណាម​។ ចំណែក​មូលហេតុ​ដែល​​នាំ​ឱ្យ​​​សារព័ត៌មាន​​កូរ៉េខាងត្បូង​ សង្ឃឹម​ថា វៀតណាម​នឹង​ឈ្នះ​ថៃ​នោះ​ក៏​ដោយ​សារ​ថា មក​ដល់​​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះនៅ​សល់​​តែ​វៀតណាម​ប៉ុណ្ណោះ​ដែល​មាន​គ្រូបង្វឹក​ជា​​ជនជាតិ​កូរ៉េខាងត្បូង​​៕

Advertisement