វៀតណាម និង​ថៃ​សុទ្ធតែ​បាត់បង់​កម្លាំង​ពិសេស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ

ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ និង​វៀតណាម សុទ្ធតែ​ទទួលបាន​ព័ត៌មាន​មិនល្អ​នៅមុន​ការប្រកួត​លើកចុងក្រោយ​បង្អស់​នៅ AFF Cup 2022 ដោយសារ​ថៃ​ទំនងជា​បាត់បង់​ខ្សែប្រយុទ្ធ Teerasil Dangda គ្រា​ដែល​វៀតណាម​ត្រូវ​បាត់បង់​ខ្សែបម្រើ Bui Tien Dung។

យោងតាម​សារព័ត៌មាន​វៀតណាម ក្នុង​ការហាត់​កាលពី​ម្សិលមិញ Bui Tien Dung មិនបាន​ចូលរួម​នោះទេ។ គាត់​មាន​របួស និង​ហើម​ត្រង់​ភ្នែកគោរ ដូច្នេះ​កីឡាករ​រូបនេះ​ប្រាកដជា​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ប្រកួត​នៅ​ព្រលប់​នេះ។ របួស​របស់ Tien Dung កើតឡើង​ដោយសារ​ការប្រកួត​ជា​បន្តបន្ទាប់​ក្នុង​សម្ពាធ​ខ្ពស់។

Tien Dung និង Que Ngoc Hai របស់​វៀតណាម ត្រូវបាន​វាយតម្លៃថា ជា​កីឡាករដែល​​ប្រកួត​មាន​ស្ថិរភាព​ជាងគេ​នៅ​ឯ​ខ្សែបម្រើ។ សារព័ត៌មាន​វៀតណាម​ឱ្យដឹងថា ការស្វែងរក​កីឡាករ​មក​ជំនួយ​កន្លែង​របស់ Tien Dung គឺជា​រឿង​លំបាក​ខ្លាំង​សម្រាប់​ក្រុម​ជម្រើសជាតិ​វៀតណាម។

ដោយឡែក ក្រុម​ជម្រើសជាតិ​ថៃ​វិញ ក៏​ប្រហែល​មិន​សប្បាយចិត្ត​ប៉ុន្មាន​នៅពេល​ទទួលដំណឹង​ថា របួស​ត្រង់​កំភួន ជើង​របស់​ខ្សែប្រយុទ្ធ​លេខ​មួយ Teerasil Dangda មិនទាន់​ជា។ Dangda រងរបួស​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពេល​ប៉ះ​នឹង​ក្រុម​ម៉ាឡេស៊ី។ ការប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ Dangda មិនបាន​ចូល​ទីលាន​នោះទេ ហើយ​គាត់​ទំនងជា​ពិបាក​បន្ត​ការប្រកួត​នៅ​ជើង​ចុងក្រោយបង្អស់​រប​ស់ AFF Cup 2022។

ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ថៃ និង​វៀតណាម នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ម៉ោង 19 និង 30 នាទី​ថ្ងៃទី 16 មករា 2023 លើ​ទីលាន​របស់​កីឡដ្ឋាន Thammasat ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ៕

Advertisement