AFF Cup 2022 – ដំណឹង​សំខាន់​ៗ​នៅ​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើងចុង​ក្រោយ​រវាង​ថៃ និង​វៀតណាម

ការ​ប្រកួត​រវាង​ថៃ និង​វៀតណាម នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ដំបូង​កាល​ពី​ថ្ងៃទី 13 មករា 2023 លើ​ទីលាន​របស់​កីឡដ្ឋាន My Dinh នៅ​វៀតណាម ទទួល​បាន​លទ្ធផល​ស្មើគ្នា 2-2 ដូច្នេះ​នៅ​លើ​ទីលាន​របស់កីឡដ្ឋាន Thammasat នៅ​ប្រទេស​​ថៃ វៀតណាម​នឹង​ត្រូវ​តែ​ប្រឹង​ជាង​មុន​ទ្វេ​ដង បើ​សិន​ចង់​ក្លាយ​ជា​ជើង​ឯក​។

  • នៅ​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទីពីរ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ព្រលប់​ថ្ងៃ​នេះ ក្រុម​ជម្រើស​ជាតិ​ថៃមិន​ធ្លាប់​បាន​ ​ឈ្នះ​វៀតណាម​​ម្ដង​ណា​ទេ នៅក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​ពាន​រង្វាន់ AFF Cup ប៉ុន្តែ ថៃ​បាន​ឈ្នះ​ 8 ប្រកួត​ក្នុង​ចំណោម 10 ប្រកួត​ដែល​ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​គ្នា​នៅ​វគ្គជម្រុះ​ផ្ទាល់ (knock-out)។
  • ខ្សែ​ប្រយុទ្ធ​លំដាប់​លេខ​មួយ​របស់​ថៃ Teerasil Dangda មិន​ទាន់​ជា​ពី​របួស​ត្រង់​កំភួន​ជើង ខណៈ​ខ្សែ​បម្រើ​ជើង​ខ្លាំង​ Bui Tien Dung របស់​វៀតណាម ក៏​មាន​របួស​ត្រង់​ភ្នែក​គោរ​ ហើយ​ពួក​គេ​ទំនង​ជា​មិន​អាច​ចូល​រួម​ប្រកួត​នៅ​ព្រលប់​ថ្ងៃទី 16 មករា​នេះ​​។
  • ការ​ប្រកួត​ជើង​ទីពីរ​នៃវគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ AFF Cup 2022 គឺជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គ្រូបង្វឹក​ Park Hang-seo នៃ​​ក្រុម​វៀតណាម​។ គ្រូបង្វឹក​រូប​នេះ​មិន​ធ្លាប់​បាន​បណ្ដោយ​ឱ្យ​ចាញ់​​ម្ដង​ណា​ឡើយ​នៅ​លើ​ទឹក​ដី​ថៃ​។
  • នៅឯ​កីឡដ្ឋាន Thammasat ថ្ងៃ​នេះ ថៃ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រហែល 20,000 សំបុត្រ ក្នុង​នោះ​អ្នក​គាំទ្រ​វៀតណាម​អាច​ទិញ​ប្រហែល 8% ស្មើ​នឹង​ 1,600 សំបុត្រ​។
  • ថ្លែង​នៅ​មុន​ការ​ប្រកួត​ជើង​​ចុង​ក្រោយ​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្ររបស់ AFF Cup 2022​ គ្រូបង្វឹក​ Polking អះអាង​ថា ថៃ​នឹង​នៅ​តែ​រក្សា​បែប​ផែន​វាយ​លុកដដែល​៕
Advertisement