ក្រោយ​ឈ្នះ​វៀតណាម 1-0 គ្រូបង្វឹក Polking ថា «ថៃ​តែងតែ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍»

(ប្រទេស​ថៃ) – គ្រូបង្វឹក Mono Polking អះអាងថា ថៃ​បានបញ្ជាក់​អំពី​ឋានៈ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​បាន​ផ្ដួល​វៀតណាម និង​ក្លាយជា​ជើងឯក AFF Cup 2022។

«…យើង​តែងតែ​លេខ​មួយ និង​តែងតែ​ឈាន​ផុតពី​អាស៊ីអាគ្នេយ៍។ ថៃ​ត្រូវការ​បញ្ជាក់​នៅក្នុង​បណ្ដា​ពាន​ធំ​ជាង​នេះ មានដូចជា Asian Cup ជាដើម ដែលមាន​គូប្រជែងខ្លាំងៗ មាន​ជាអាទិ៍ ជប៉ុន កូរ៉េខាងត្បូង ឬ UAE» គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​របស់​ក្រុម​ជម្រើសជាតិ​ថៃ លោក Polking ថ្លែង​ដូច្នេះ​បន្ទាប់ពី​បាន​យកឈ្នះ​វៀតណាម 1-0 ក្នុងការ​ប្រកួត​ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ឈ្នះ​សរុប 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 កាលពី​ព្រលប់​ម្សិលមិញ។

គ្រូបង្វឹករបស់ថៃ លោក Mono Polking

គ្រូបង្វឹក​របស់​ថៃ​និយាយថា លោក​មាន​កីឡាករឆ្នើមៗ និង​លើកសរសើរ​ចំពោះ​​ស្មារ​តី​របស់​ក្រុម​ទាំងមូល។ ក្នុងការ​ប្រកួត​ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ គ្រូបង្វឹក Polking រក្សា​វត្តមាន​កីឡាករ​ជម្រើស​ដំបូង​ទាំង 11 នាក់។ ថៃ​រកបាន 1 គ្រាប់​ដំបូង​ក្នុង​នាទី​ទី 24 ពេល Adisak Kraisorn បញ្ជូន​បាល់​ឱ្យ Theerathon Bunmathan ស៊ុត​ពី​ចម្ងាយ ផ្ដួល​អ្នកចាំទី​វៀតណាម Dang Van Lam នាំឱ្យ​ពួកគេ​ឈ្នះ​វៀតណាម 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ថៃឈ្នះ​វៀតណាម 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022

ជ័យជម្នះ​ខាងលើ បាន​ជួយ​ឱ្យ​ថៃ​ក្លាយជា​ម្ចាស់​ជើងឯក AFF Cup លើក​ទី 7 ក្រោយពី​ឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2020។ នេះ​ក៏​ជា​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​ពីរ​របស់​គ្រូបង្វឹក Polking ផងដែរ។ គ្រូបង្វឹក​រូបនេះ​បាន​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថៃ​មុន AFF Cup 2020 មកដល់ និង​បាន​ជួយ​ឱ្យ​ថៃ​ដណ្ដើមបាន​ជើងឯក ក្រោយពី​ផ្ដួល​វៀតណាម​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ឈ្នះ​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Advertisement