ប្រធាន​ក្រុម​កីឡាករ​វៀតណាមថា «ថៃ​ក្លាយជា​ជើងឯក AFF Cup 2022 គឺ​ស័ក្ដិសម»

(ប្រទេស​ថៃ) – ប្រធាន​ក្រុម​កីឡាករ​វៀតណាម Do Hung Dung ទទួលស្គាល់ថា ក្រុម​ជម្រើសជាតិ​ថៃ​លេង​បានល្អ​ជាង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ និង​ស័ក្ដិ​សមជា​ជើងឯក AFF Cup 2022។

ការប្រកួត​នៅ​កីឡដ្ឋាន Thammasat កាលពី​ព្រលប់​ថ្ងៃទី 16 មករា បានបញ្ចប់​ដោយ​ថៃ​ឈ្នះ​វៀតណាម 1-0 នៅ​នាទី​ទី 24 នាំ​​ឱ្យ​វៀតណាម​ចាញ់​សរុប 2-3 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ជួយ​ឱ្យ​ថៃ​ក្លាយជា​ជើងឯក AFF Cup លើក​ទី 7។

ប្រធាន​ក្រុម​កីឡាករ​វៀតណាម Do Hung Dung និយាយថា «យើង​​ចាញ់ ប៉ុន្តែ​ត្រូវតែ​ទទួលស្គាល់ថា ថៃ​គឺជា​ក្រុម​ខ្លាំង។ ពួកគេ​ឈ្នះ និង​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​គឺ​ស័ក្ដិសម។ យើង​បាន​លេង​មួយ​ប្រកួត​ដោយ​ការ​ខំប្រឹង និង​មិនមាន​អ្វី​ត្រូវ​ស្ដាយក្រោយ​ឡើយ​នៅថ្ងៃនេះ»។

ប្រធានក្រុមកីឡាករវៀតណាម Do Hung Dung (លេខ 8)

ខុសពី​ការប្រកួត​ជើង​ទីមួយ នៅ​ជើង​ទី​ពីរ​នេះ វៀតណាម​មិនអាច​បង្ក​ឱកាសច្បាស់ៗណាមួយ​ឡើង។ ចំណែក​ខាង​ថៃ​វិញ ក្រុម​កីឡាករ​សហការ​គ្នា​បានល្អ​នៅ​ខ្សែ​កណ្ដាល។ នេះ​គឺជា​បរាជ័យ​ទី​ពីរ​របស់​វៀតណាម ក្រោម​សម័យ​គ្រូបង្វឹក Park Hang-seo នៅ​ចំពោះមុខ​ក្រុម​ជម្រើសជាតិ​ថៃ​នៅ​ AFF Cup។ មុន​នោះ វៀតណាម​បាន​ចាញ់ 0-2 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ​កាលពី​ឆ្នាំ 2021។

ការ​ប្រកួត​វគ្គ​ផ្ដច់​ព្រ័ត្រ​ជើង​ទីមួយ​រវាង​ថៃ និង​វៀតណាម នៅ AFF Cup 2022

ការ​ប្រកួត​វគ្គ​ផ្ដច់​ព្រ័ត្រ​ជើង​ទីពីរ​​រវាង​ថៃ និង​វៀតណាម នៅ AFF Cup 2022

ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ម្សិលមិញ​ក៏​ជាការ​ប្រកួត​បិទ​បញ្ចប់​វត្តមាន 5 ឆ្នាំ​របស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង លោក Park Hang-seo នៅក្នុង​ក្រុម​ជម្រើសជាតិ​វៀតណាម។ កិច្ចសន្យា​រវាង​លោក Park និង​ក្រុម​វៀតណាម នឹង​ត្រូវអស់​សុពលភាព​ចាប់ពី​ថ្ងៃទី 31 មករា 2023៕

Advertisement